(ម៉ូស្គូ)៖ បន្ទាប់ពីបណ្តាប្រទេសអឺរ៉ុបបានទាមទារជាដដែលៗ ឲ្យរដ្ឋាភិបាលទីក្រុងម៉ូស្គូប្រគល់តំបន់គ្រីមៀដល់អ៊ុយក្រែនវិញនោះ នាពេលថ្មីៗនេះរុស្ស៊ីក៏បានសម្រេចចិត្តចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយនៅឯឧបទ្វីបក្នុងសមុទ្រខ្មៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
យោងតាមសម្តីមេបញ្ជាការកងទ័ពឆ័ទ្រយោងលោក Andrey Serdyukov ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន សមយុទ្ធយោធាខាងលើនេះមានការចូលរួម ពីសំណាក់កងកម្លាំងយោធាលោតឆ័ត្រយោងចំនួនជាង ២,៥០០នាក់ រួមនិងបរិក្ខាយោធាប្រមាណ ៦០០គ្រឿង មកពីកងអង្គភាពប្រចាំដែនសមុទ្រខ្មៅ និងកងទ័ពជើងអាកាសរុស្ស៊ី។
គួរបញ្ជាក់ថាកាលពីសប្តាហ៍មុនទីក្រុងម៉ូស្គូបានប្រារព្ធពិធីអបអរខួបគំរប់បីឆ្នាំ នៃការបោះឆ្នោតប្រជាមតិនៅក្នុងតំបន់គ្រីមៀ ដែលបាននាំឲ្យឈានដល់ការរួមបញ្ចូលគ្នានៃឧបទ្វីបក្នុងសមុទ្រខ្មៅមួយនេះទៅក្នុងទឹកដីរបស់ប្រទេសរុស្ស៊ី។ ប៉ុន្តែទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោនក៏ដូចជាសម្ព័ន្ធមិត្តរបស់ពួកគេ បានទទូចថាតំបន់គ្រីមៀនៅតែជាផ្នែកមួយរបស់អ៊ុយក្រែនដដែល ហើយវាត្រូវបានរុស្ស៊ីដណ្តើមលួចយកទៅដោយខុសច្បាប់ទាំងស្រុង៕