(តៃប៉ិច)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន បានប្តេជ្ញាថាដែនដីកោះនេះនឹងធ្វើការផលិតនាវាមុជទឹកដោយខ្លួនឯង និងបន្តស្វែងរកការទិញអាវុធថ្មីៗពីសហរដ្ឋអាមេរិក ព្រមជាមួយនឹងបច្ចេកវិទ្យាផលិតនាវាមុជទឹកចម្បងៗផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីប្រទេសចិន ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការដកស្រង់ការផ្សាយនៅមុននេះបន្តិចពី Channel News Asia ប្រភពដើមពី Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
កន្លងមកប្រទេសចិនមិនដែលបាននិយាយអំពីការប្រើប្រាស់យោធាដើម្បីដោះស្រាយបញ្ហា ឬចង់មានបំណងសង្គ្រប់យកកោះតៃវ៉ាន់នោះឡើយ ក្រៅតែពីការអំពាវនាវឲ្យបងប្អូនមួយនេះចូលរួមកិច្ចសហការដើម្បីសន្តិភាព និងការអភិវឌ្ឍប៉ុណ្ណោះ ប៉ុន្តែក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានអះអាងប្រាប់ពិភពលោកថា ប្រទេសចិនមានគ្រាប់មីស៊ីលជាង ១,០០០គ្រាប់ឯណោះ ដាក់តម្រង់ទិញមករកកោះតៃវ៉ាន់ជាស្រេច។
លោកស្រី ត្សៃ បានលើកឡើងនៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅកំពង់ផែ Zuoying ចម្ងាយ ៣៥០គីឡូម៉ែត្រពីទីក្រុងតៃប៉ិយ៉ាងដូច្នេះថា «ការពង្រឹង និងពង្រីកសមត្ថភាពការពារក្រោមទឹក គឺជាអ្វីដែលវិស័យការពារជាតិរបស់កោះតៃវ៉ាន់ត្រូវការជាទីបំផុត។ វាជាបញ្ហាដែលគ្រប់គ្នាទទួលស្គាល់។ យើងមិនដែលបានដោះស្រាយវាទេតាំងពីអតីតកាល។ ក្នុងឋានៈជាមេបញ្ជាការនៃកងកម្លាំងទ័ព ខ្ញុំសូមប្តេជ្ញាថា នឹងដោះស្រាយបញ្ហាមួយនេះឲ្យបាន»។
គួរបញ្ជាក់តាមអ្នកតាមដានស្ថានការណ៍នៅកោះតៃវ៉ាន់ឲ្យដឹងថា ការបង្ហាញនាវាមុជទឹកវ័យ ៥០ឆ្នាំចំនួន ០៤គ្រឿងនាឱកាសនោះ គឺជាសញ្ញាមិនល្អនោះទេសម្រាប់កោះតៃវ៉ាន់ ដែលវាកាន់តែបញ្ជាក់ច្បាស់ថា កោះតៃវ៉ាន់មានការអភិវឌ្ឍន៍វិស័យការពារជាតិយឺត និងមិនអាចប្រៀបផ្ទឹមនឹងចិនដែលបានក្លាយជាមហាយក្សទាំងសេដ្ឋកិច្ច និងយោធាទៅហើយនោះឡើយ។ ដូច្នេះទើបកោះតៃវ៉ាន់ដែលជាកូននាគនៃបច្ចេកវិទ្យាមួយដែរលើលោកនេះ បានប្តេជ្ញាផលិតនាវាមុជទឹក ដោយពឹងផ្អែកខួរក្បាលខ្លួនឯងជាគោល៕