(អាហ្វហ្គានីស្ថាន)៖ ក្រុមសកម្មប្រយុទ្ធដែលជាបណ្តាញរបស់ក្រុមរដ្ឋអ៊ីស្លាម ISIS ចំនួន ២៦នាក់បានស្លាប់ដោយសារតែការទម្លាក់គ្រាប់បែកពីសំណាក់យន្តហោះដ្រូន ស្ថិតភាគខាងកើតខេត្ត Nangarhar នៃប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ដកស្រង់សម្តីពីមន្ត្រីប៉ូលិសអាហ្វហ្គានីស្ថាននៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
យោងតាមមន្ត្រីប៉ូលិសដែលមានឈ្មោះ Hazrat Hussain ខាងលើនេះបានឲ្យដឹងទៀតថា ក្រុមសកម្មប្រយុទ្ធចំនួន ២៤នាក់បានស្លាប់នៅក្នុងស្រុក Achin និង០២នាក់ទៀតស្លាប់នៅក្នុងស្រុក Nazian ដែលស្ថិតនៅក្នុងខេត្ត Nangarhar ដូចគ្នា។ យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់សហរដ្ឋអាមេរិកដែលតែងតែធ្វើប្រតិបត្តិការនៅប្រទេសអាហ្វហ្គានីស្ថាននោះ ជារឿយៗបានវាយប្រហារសំបុកនៃក្រុមសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាជម្រុកនៃក្រុមសកម្មប្រយុទ្ធជាច្រើនបក្សផ្សេងៗ។
គួរបញ្ជាក់ថាសម្រាប់ខេត្ត Nangarhar ជាប់នឹងខេត្ត Jalalabad ដែលមានចម្ងាយ ១២០គីឡូម៉ែត្រភាគខាងកើតរដ្ឋធានីកាប៊ុលនោះ គឺជាទីជម្រក និងតំបន់ចល័តយ៉ាងសកម្មនៃបណ្តាញក្រុម ISIS ប៉ុន្តែសម្រាប់ការវាយប្រហារលើកនេះ គេពុំទាន់ឃើញមានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខឆ្លើយតប ឬក៏អះអាងព័ត៌មានពិតពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែកដោយយន្តហោះដ្រូន នៅដើមសប្តាហ៍នេះឡើយ៕