(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានដាក់ចេញនូវបំរាម ហាមឃាត់មិនឲ្យអ្នកដំណើរទុកឧបករណ៍អេឡិចត្រូនិករួមមាន Laptop និង Tablet ជាដើមនៅក្នុងកាបូបតាមខ្លួនរបស់ពួកគេនោះឡើយ នៅអំឡុងជើងហោះហើរមួយចំនួនដែលមកពីប្រទេសចំនួននៅតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ដោយផ្អែកលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសអាមេរិក។
បទបញ្ជាថ្មីនេះត្រូវបានគេរំពឹងថានឹងធ្វើសេចក្តីប្រកាសជាផ្លូវការ និងចូលជាធរមាននៅថ្ងៃអង្គារសប្តាហ៍ (ពេលវេលានៅសហរដ្ឋអាមេរិក) នឹងដាក់កំហិតទៅលើជើងហោះហើរពីអាកាសយានដ្ឋានអន្តរជាតិចំនួន ១០កន្លែង នៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីប, ទីក្រុង Amman នៃប្រទេសហ្ស៊កដានី, ទីក្រុងគុយវ៉ែតនៃប្រទេសគុយវ៉ែត, ទីក្រុងកាស្កាប្លាន់កានៃប្រទេសម៉ូរ៉ូកូ, ទីក្រុងដូហានៃប្រទេសកាតា, ទីក្រុង Jeddah នៃព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, ទីក្រុងអ៊ីស្តង់ប៊ុលនៃប្រទេសតួកគី, ទីក្រុងអាបូដាប៊ី និងទីក្រុងឌូបៃនៃប្រទេស អេមីរ៉ាត់ អារ៉ាប់រួម។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Associated Press (AP) ដែលបានដកស្រង់សម្តីពីមន្រ្តីរដ្ឋាភិបាលអាមេរិក។
គួរបញ្ជាក់ថាអ្នកដំណើរនឹងត្រូវហាមឃាត់មិនឲ្យទុក Laptop, Tablet, កាម៉េរ៉ា, និងឧបករណ៍អេឡិចត្រូនិចធំៗផ្សេងៗទៀតនៅក្នុងកាបូបដាក់តាមខ្លួនរបស់ពួកគេឡើយ ដោយមានតែទូរស័ព្ទមួយគត់ និងឧបករណ៍វេជ្ជសាស្រ្តដែលទទួលបានការអនុញ្ញាតត្រឹមត្រូវមួយចំនួនទៀតនឹងត្រូវលើកលែងនៅក្នុងបំរាមនេះ។ ម៉្យាងវិញទៀតការដាក់បំរាមនេះនឹងដាក់កម្រិតទៅលើ តែក្រុមហ៊ុនអាកាសចរណ៍បរទេសប៉ុណ្ណោះ ដោយគ្មានអាកាសចរណ៍អាមេរិកណា នឹងទទួលរងផលប៉ះពាល់នោះទេ។ យ៉ាងណាមិញមូលហេតុសម្រាប់បទបញ្ជាហាមឃាត់ នៅពុំទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ៕