(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានព្រមព្រៀងគ្នាក្នុងការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនុយក្លែអ៊ែរ រវាងប្រទេសទាំងពីរ ហើយដែលការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងឱកាសនៃការបំពេញទស្សនកិច្ចក្នុងតំបន់អឺរ៉ុបរបស់ លោក អាបេ កាលពីថ្ងៃចន្ទដែលមានការលើកឡើងនូវបញ្ហាជាច្រើន ក្នុងនោះក៏មានបញ្ហាកូរ៉េខាងជើងផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្នុងទីក្រុងប៉ារីស លោក អាបេ និងលោក ហូឡង់ ក៏បានឯកភាពគ្នាក្នុងការធ្វើការងារយ៉ាងជិតស្និទ្ធ ដើម្បីរក្សាសណ្ដាប់ធ្នាប់ពីតំបន់មហាសមុទ្រឥណ្ឌា រហូតដល់តំបន់ប៉ាស៊ីហ្វិក ក្នុងនោះរួមមានទំាងគំរោងចូលរួមធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក បង្ហាញសាច់ដុំដាក់ទីក្រុងប៉េកាំងថែមទៀតផង។
គួរបញ្ជាក់ថាកាលពីថ្ងៃចន្ទ លោក ស៊ីនហ្សូ អាបេ ក៏បានជួបពិភាក្សាការងាររយៈពេលមួយម៉ោងជាមួយអធិការបតីអាល្លឺម៉ង លោកស្រី អេនជែឡា មឺគែល ផងដែរ ដោយក្នុងនោះអ្នកទំាងពីរសន្យាថានឹងធើ្វការងាររួមគ្នាជាមួយនឹងទីក្រុងវ៉ាស៊ីនតោន សំដៅលើកកម្ពស់ពាណិជ្ជកម្មសេរី ស្របពេលកំពុងមានការ ព្រួយបារម្ភកាន់តែច្រើនឡើងជុំវិញគោលនយោបាយគំាពារនិយម៕