(ម៉ូស្គូ)៖ ស្របពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងនៅតែបន្តកើនឡើងយ៉ាងក្តៅគគុក ប្រមុខដឹកនាំកំពូលផុតលេខនៃរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានព្រមានធ្ងន់ៗថា នឹងកម្ទេចអាមេរិកឲ្យក្លាយទៅជាផេះតែម្តង ប្រសិនណាគ្រាប់កាំភ្លើងសូម្បីតែមួយត្រូវបាញ់ចេញពីមហាអំណាចពិភពលោកមួយនេះមកលើប្រទេសកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិកបានលើកឡើង អំពីជម្រើសនៃការប្រើប្រាស់កងកម្លាំងយោធា ដើម្បីទប់ទល់ជាមួយទីក្រុងព្យុងយ៉ាង រដ្ឋាភិបាលកូរ៉េខាងជើងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យោធាកូរ៉េខាងជើងនឹងកម្ទេចមូលដ្ឋាននៃការឈ្លានពាន និងបង្ករឿងទាំងអស់ឲ្យក្លាយទៅជាផេះ ជាមួយគ្រាប់មីស៊ីល Hwasong ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយនឹងប្តេជ្ញាការពារសន្តិសុខក៏ដូចជាសេចក្តីសុខនៃប្រជាជនរបស់ខ្លួនយ៉ាងមុះមុត នៅក្នុងករណីដែលកងទ័ពអាមេរិក និងអាយ៉ងកូរ៉េខាងត្បូងហ៊ានបាញ់សូម្បីតែគ្រាប់កាំភ្លើងមួយគ្រាប់ចូលមកក្នុងទឹកដីរបស់ប្រទេសកូរ៉េខាងជើង»។
គួរបញ្ជាក់ថានៅពេលដែលត្រូវបានចោទសួរអំពីការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងនៅក្នុងអំឡុងជំនួបពិភាក្សាមួយនៅឯទីក្រុងតូក្យូកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson បានបញ្ជាក់ច្បាស់ៗថា ការប្រើប្រាស់កម្លាំងយោធាគឺជាជម្រើសមួយដែលមានស្រាប់ និងបានសង្កត់ធ្ងន់ថា គោលនយោបាយយុទ្ធសាស្រ្តបែបអត់ធ្មត់ជាមួយទីក្រុងព្យុងយ៉ាងត្រូវបានបញ្ចប់ហើយ៕