(ស៊ូដង់ខាងត្បូង)៖ យន្ដហោះមួយគ្រឿងដឹកមនុស្ស៤៤នាក់ ក្នុងនោះមានទារក ០៤នាក់ បានធ្លាក់នៅឯអាកាសយានដ្ឋាន Wau ស្ថិតនៅចំងាយ ៦៥០គីឡូម៉ែត្រពីរដ្ឋធានី Juba នៃប្រទេសស៊ូដង់ខាងត្បូងនៅម៉ោងប្រមាណ ១៥៖០០នាទី (ម៉ោងនៅក្នុងតំបន់) កាលពីថ្ងៃចន្ទនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរដំបូងឡើយបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ជាច្រើន មនុស្សទំាង ៤៤នាក់ បានបាត់បង់ជីវិតទាំងអស់។ ក៏ប៉ុន្តែក្រោយមកសារព័ត៌មាន The National Courier តាមរយៈការស្រង់សម្ដីពីមន្ត្រីនៃក្រុមហ៊ុនអាកាសចរណ៍ South Supreme Airlines បានបញ្ជាក់ថា គ្មាននរណាម្នាក់ស្លាប់ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះនេះទេ ពោលគឺមានតែអ្នករងរបួសប៉ុណ្ណោះ។
គួរបញ្ជាក់ថាមូលហេតុធ្លាក់យន្តហោះខាងលើពុំទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ គ្រាន់តែគេដឹងថាយន្ដហោះនេះធ្លាក់នៅអំឡុងពេលចុះចត នៅឯអាកាសយានដ្ឋាន Wau។ ប្រភពខាងលើបានបញ្ជាក់ថា វាជាសំណាងល្អបំផុតដែលក្រុមសង្គ្រោះបានធ្វើការជម្លៀសអ្នកដំណើរចេញពីយន្តហោះទាំងអស់ទាន់ពេលវេលាមុនវាផ្ទុះឆេះ៕