(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានសម្តែងការសូមទោសចំពោះមុខប្រជាជាតិកូរ៉េខាងត្បូងទាំងមូល ដោយលោកស្រីប្តេជ្ញាថានឹងប្រឈមមុខដោយភាពស្មោះត្រង់ទៅនឹងការសាកសួរនានា មុនលោកស្រីចូលខ្លួនទទួលការសួរចម្លើយពីក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
លោកស្រី ផាក បានសម្ងំនៅក្នុងគេហដ្ឋានឯកជនរបស់ខ្លួនរហូត ចាប់តាំងពីត្រូវបានតុលាការសម្រេចទម្លាក់ចេញពីតំណែងប្រធានាធិបតីជាផ្លូវការតែម្តងកាលពីថ្ងៃទី១២ ខែមីនា។ នៅព្រឹកថ្ងៃអង្គារនេះ ជាថ្ងៃដែលលោកស្រី ត្រូវឡើងទៅទទួលការសួរចម្លើយពីក្រុមរដ្ឋអាជ្ញាពិសេសនោះ លោកស្រីបានចាកចេញពីលំនៅឋានដោយមានអ្នកគាំទ្ររាប់រយនាក់ឈរចាំស្វាគមន៍ និងលើកទឹកចិត្តនៅខាងក្រៅរបងផ្ទះ ប៉ុន្តែលោកស្រីមិនបាននិយាយអ្វីទៅកាន់ពួកគេនោះទេ ក្រៅតែពីការញញឹមដើម្បីសម្តែងការអរគុណប៉ុណ្ណោះ។
គួរបញ្ជាក់ថាលោកស្រីបានចេញពីលំនៅដ្ឋានឯកជន នៅភាគខាងត្បូងទីក្រុងសេអ៊ូល កាលពីវេលាម៉ោង ៩៖១៧នាទីព្រឹក (ម៉ោងក្នុងទីក្រុងសេអ៊ូល) ហើយក៏បានបន្តដំណើរតាមរថយន្តដោយមានការយាមកាមយ៉ាងតឹងរ៉ឹងពីកងរក្សាសន្តិសុខរហូតដល់ការិយាល័យរបស់ក្រុមរដ្ឋអាជ្ញាតែម្តង។ លោកស្រី ផាក បានក្លាយជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងទី៤ហើយ ដែលត្រូវបានក្រុមរដ្ឋអាជ្ញាកោះហៅមកសួរនាំពាក់ព័ន្ធពាក្យបណ្តឹងរឿងពុករលួយ និងការធ្វេសប្រហែសក្នុងពេលកាន់អំណាច៕