(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន មានគំរោងលើកថ្ងៃប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសនៃអង្គការណាតូ (NATO) ដែលគ្រោងនឹងប្រព្រឹត្ត ទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី០៦ ខែមេសាខាងមុខនេះ ដើម្បីត្រៀមទទួលស្វាគមន៍ការបំពេញទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក របស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ខណៈលោក ធីល្លឺសុន ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីក្នុងខែដដែល ដែលនេះអាចជាក្ដីកង្វល់មួយសម្រាប់បណ្ដាប្រទេសជាសមាជិកណាតូដទៃៗទៀត។ នេះបើតាមក្រុមមន្ត្រីអាមេរិក ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានបង្ហើបនៅក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា លោក ធីល្លឺសុន មានគំរោងលើកថ្ងៃប្រជុំជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីការបរទេសអាមេរិក នៅឯទីក្រុងព្រុចសែល ជាមួយសមាជិកណាតូទំាង២៨ ដើម្បីត្រៀមរៀបចំជំនួបរំពឹងទុករវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិន ពីង ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមេសា នៅរមណីយដ្ឋាន Mar-a-Lago របស់លោក ត្រាំ ក្នុងរដ្ឋ Florida។ មួយវិញទៀតបើសិនព័ត៌មាននេះជាការពិតមែន នោះ វាអាចនឹងក្លាយជាក្ដីកង្វល់មួយដ៏ធំសម្រាប់សមាជិកណាតូដទៃ ខណៈពួកគេកំពុងព្រួយបារម្ភស្រាប់ ជុំវិញភាពមិនច្បាស់លាស់នៃគោលនយោបាយអាមេរិកចំពោះរុស្ស៊ី ក៏ដូចជាការដកទណ្ឌកម្មសេដ្ឋកិច្ចពីទីក្រុងមូស្គូជាដើម។
ទោះបីយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាក ថូននឺ (Mark Toner) មិនបានធ្វើការអត្ថាធិប្បាយអ្វីនោះទេថា តើលោក ធីល្លឺសុន នឹងលើកពេលប្រជុំណាតូ ឬក៏បំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ឬក៏យ៉ាងណា។ តែក្រុមមន្ត្រីខាងលើដដែលបាននិយាយថា លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ គ្រោងនឹងបំពេញទស្សនកិច្ចទៅរុស្ស៊ីនៅថ្ងៃទី១២ ខែមេសា៕