(ហាណូយ)៖ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យកូរ៉េខាងត្បូង គាំទ្រគោលជំហររបស់ខ្លួនលើសំណុំរឿងសមុទ្រចិនខាងត្បូង នៅអំឡុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se ក្នុងទីក្រុងហាណូយកាលពីថ្ងៃចន្ទ ខណៈទីក្រុងសេអ៊ូលត្រូវបានគ្រប់គ្នាមើលឃើញថា កំពុងមានបញ្ហាជាមួយចិនរឿងបំពាក់ប្រព័ន្ធ THAAD ស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧។
វៀតណាមគឺជាប្រទេសតែមួយគត់ ដែលកំពុងតតាំងដោយបើកជំហរនឹងចិន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ចាប់តាំងពីរដ្ឋាភិបាលហ្វីលីពីនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ បង្ហាញពីទំនោរងាកទៅរកចិន។ យោងតាមសេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យកូរ៉េខាងត្បូងបន្តគាំទ្រគោលជំហរវៀតណាម និងបណ្ដាប្រទេសអាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូង ក៏ដូចជាជួយទីក្រុងហាណូយ លើកកម្ពស់ការអនុវត្ដន៍ច្បាប់នៅដែនសមុទ្រ។
ទោះបីយ៉ាងណាក៏ដោយសេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់នោះទេថា កូរ៉េខាងត្បូងគំាទ្រគោលជំហររបស់វៀតណាមលើបញ្ហាសមុទ្រចិនខាងត្បូង ឬក៏យ៉ាងណា ខណៈកូរ៉េខាងត្បូងខ្លួនឯងកំពុងមានជាប់ដៃដោះស្រាយភាពតានតឹងជាមួយទីក្រុងប៉េកាំង ដោយសារតែគំរោង ដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD។
គួរបញ្ជាក់ថាចិនបានទាមទារ៩០ភាគរយ នៃដែនអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង រីឯព្រុយណេ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងតៃវ៉ាន់ ក៏កំពុងទាមទារចំណែករៀងៗខ្លួនក្នុងតំបន់ជម្លោះនេះដែរ ដែលមានទំហំពាណិជ្ជកម្មឆ្លងកាត់ ៥ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ៕