(វ៉ាស៊ីនតោន)៖ ប្រមុខចារកម្មអាមេរិកពីររូប បានត្រៀមខ្លួនរួចហើយ ដើម្បីផ្ដល់សក្ខីកម្ម នៅចំពោះមុខសភាពអាមេរិក ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងយុទ្ធនាការ ឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងរុស្ស៊ី ព្រមទំាងការចោទប្រកាន់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បញ្ជាឱ្យគេលួចស្ដាប់លោកត្រាំ និយាយទូរស័ព្ទ នៅឯអាគារ Trump Tower ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
កាលពីខែមករាកន្លងទៅ ទីភ្នាក់ងារស៊ើបការអាមេរិក បាននិយាយថាក្រុម Hackers គាំទ្រដោយរុស្ស៊ី បាន Hack គណនីសារអេឡិចត្រូនិចឬ Email ជាច្រើន របស់មន្ត្រីគណបក្សប្រជាធិបតេយ្យ ដើម្បីជួយឱ្យលោក ដូណាល់ ត្រាំ ផ្ដួលលោកស្រីហ៊ីលឡារី គ្លីនតុន អង្គុយតំណែងជាប្រធានាធិបតីអាមេរិក។ ជាងនេះទៅទៀត សូម្បីតែរបាយការណ៍ស៊ើបអង្កេតរបស់ CIA FBI និង NSA ក៏បានអះអាងដែរថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជ្រៀតជ្រែកចូលក្នុងកិច្ចការ បោះឆ្នោតអាមេរិក បើទោះជាទីក្រុងមូស្គូ និងលោកត្រាំ បានបដិសេធជាច្រើនលើកច្រើនដងក៏ដោយ។
ទោះបីជាយ៉ាងណា សំណុំរឿងនេះនឹងត្រូវបញ្ជាក់កាន់តែច្បាស់ តាមរយៈការបង្ហាញភស្ដុតាង នៅចំពោះមុខសភាអាមេរិក ដោយនាយក FBI លោក ជែម ខូមី និង ប្រមុខទីភ្នាក់ងារសន្តិសុខជាតិអាមេរិក NSA លោក ម៉ាច រ៉ូជឺ (Mike Rogers) នៅអំឡុងសវនាការស្ដាប់ នៃគណៈកម្មាធិការស៊ើបអង្កេតសភា ខណៈ លោកត្រាំ ផ្ទាល់បានហៅការស៊ើបអង្កេតនេះថា «ការប្រមាញ់មេធ្មប់»៕