(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះបានចេញមុខថ្កោលទោស សង្រ្គាមប្រយុទ្ធប្រឆាំងអំពើភេរវកម្មរបស់សហរដ្ឋអាមេរិកថា គ្រាន់តែជាលេសដោះសារដើម្បីចូលទៅជ្រៀតជ្រែក ក៏ដូចជាឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសដទៃៗទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានលើកឡើងថា «សង្រ្គាមប្រយុទ្ធប្រឆាំងភេរវកម្មរបស់អាមេរិក គឺជាការគាំទ្រអំពើភេរវកម្មទៅវិញទេ និងជាសង្រ្គាមបែបជំនាន់ថ្មីមួយនៃការឈ្លានពានប្រឆាំងនឹងប្រទេសទាំងឡាយណា ដែលជំទាស់ជាមួយសហរដ្ឋអាមេរិក ដោយសារតែបានដឹងច្បាស់អំពីមហិច្ឆតារបស់ពួកចក្រព័ទ្ធនេះក្នុងការគ្រប់គ្រងពិភពលោក»។ KCNA បានបន្ថែមថា «សហរដ្ឋអាមេរិកបានរំលោភបំពានដោយចេតនាទៅលើដែនអធិបតេយ្យភាព ព្រមទាំងបូរណភាពទឹកដីនៃប្រទេសផ្សេងៗទាំងពួង ស្របពេលដែលខ្លូនបាន និងកំពុងពង្រីកសង្គ្រាមប្រឆាំងអំពើភេរវកម្មនៅទូទាំងសកលលោក»។
ជាចុងក្រោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានបន្តថា «យុទ្ធសាស្រ្ត និងវត្ថុបំណងនៃសង្រ្គាមប្រឆាំងអំពើភេរវកម្មរបស់អាមេរិក គឺដើម្បីបង្វឹកក្រុមភេរវករ និងបន្សាយអំពើភេរវកម្មនៅគ្រប់ទិសទី ហើយប្រើប្រាស់យោធាដើម្បីចូលលូកដៃក្នុងដែនអធិបតេយ្យភាពនៃប្រទេសដទៃ នៅក្រោមស្លាកសញ្ញាថាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម»៕