(កាប៊ុល)៖ នាយទាហានយ៉ាងតិចចំនួនបីរូបរួមទាំងពួកសកម្មប្រយុទ្ធ ១១នាក់ បានបាត់បង់ជីវិតនៅអំឡុងការប៉ះទង្គិចគ្នាដោយអាវុធដ៏សាហាវមួយនៅជាយក្រុង Tirin Kot នៃខេត្ត Uruzgan ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាននាយប់ថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលថ្នាក់ខេត្តលោក Doust Mohammad Nayab បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានស៊ិនហួរថា «ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយអាវុធមួយចំនួន បានសម្រុកវាយលុកចូលមូលដ្ឋានយោធានៅតំបន់ Khorma នៃទីក្រុង Tirin Kot ដែលជាហេតុបង្កឲ្យមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដោយបានបន្សល់ទុកកងទ័ពបីនាក់ និងជនសកម្មប្រយុទ្ធ ១១នាក់ស្លាប់នៅយប់ថ្ងៃអាទិត្យ»។ យោងតាមលោក Nayab ក្រុមឧទ្ទាមដែលពាក់ព័ន្ធក្នុងការប្រយុទ្ធគ្នា គឺជាពួកជ្រុលនិយមតាលីបង់ ហើយពួកគេបានកាន់កាប់មូលដ្ឋានទ័ពនេះអស់រយៈពេលជាយូរមកហើយ នៅមុនការទៅដល់នៃកងកម្លាំងជំនួយបន្ថែមនាព្រឹកថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថាអំពើហិង្សាបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីកងទ័ពបរទេសត្រូវបានដកចេញនៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្របពេលដែលកងការពារសន្តិសុខអាហ្វហ្គានីស្ថានផ្ទាល់ កំពុងប្រឈមមុខនឹងភាពលំបាកលំបិនជាខ្លាំង ចំពោះការរីករាលដាលនៃការវាយប្រហារដោយក្រុមអ្នកប្រយុទ្ធប្រឆាំងរដ្ឋាភិបាល៕