(អាមេរិក)៖ ទីភ្នាក់ងារអវកាស NASA បានអនុញ្ញាតឲ្យអ្នកដែលមានចំណូលចិត្តខាងផ្នែកវិទ្យាសាស្រ្តទាំងអស់ អាចជួយផ្តល់ជាគំនិតយោបល់នៅក្នុងការសម្រេចចិត្តថា តើយានអវកាស Juno គួរតែផ្តិតយករកភាពបែបណានៅអំឡុងការហោះឆ្វែលសាជាថ្មីម្តងទៀតទៅកៀកនឹងភពព្រហស្បតិ៍ (Jupiter)។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រវិទ្យាសាស្រ្ត Space.com នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
អ្វីបំពាក់នៅលើយានអវកាសជូណូ (Juno) គឺជាឧបករណ៍មួយមានឈ្មោះថា «ជូណូឃែម (JunoCam)» ដែលនាពេលកន្លងមកនេះបានថតយករូបភាពដ៏ល្អប្លែក និងអស្ចារ្យជាច្រើនសន្លឹកនៃផ្ទៃបរិយាកាសដូចខ្យល់កួចរបស់ភពព្រហស្បតិ៍។ រូបភាពដើមពីកាមេរ៉ា JunoCam ត្រូវបានបង្ហោះចូលទៅក្នុងវែបសាយនៃគំរោងនេះ ហើយអ្នករាល់គ្នាអាចទាញយក និងបំលែងរូបភាពទាំងនោះតាមការចង់បានរបស់ពួកគេរៀងៗខ្លួន ដោយរូបភាពដែលបំលែងរួចមានតាំងពីបែបវិទ្យាសាស្រ្តដល់បែបសិល្បៈ។
គំរោង JunoCame ជាចម្បងផ្តោតសំខាន់ទៅលើការបើកទូលាយ ដែលសំដៅអនុញ្ញាតឲ្យសាធារណជនចូលរួមតាមរយៈទិដ្ឋភាពយ៉ាងច្រើននៅក្នុងបេសកកម្មរុករកនាទីអវកាសនេះ។ ម៉្យាងវិញទៀតពួកគេក៏អាចផ្តល់ជាគំនិតក៏ដូចជាមតិយោបល់អំពី ថាតើកាមេរ៉ា JunoCam គួរតែផ្តិតយករូបភាពយ៉ាងដូចម្តេច នៅអំឡុងការហោះឆ្វែលទៅកៀកនឹងភពព្រហស្បតិ៍នាពេលបន្ទាប់។ ក្រោយមកសមាជិកដទៃទៀតអាចបោះឆ្នោតទៅលើសំណើទាំងនោះ ហើយក្រុមការងាររបស់ JunoCam នឹងជ្រើសរើសគោលដៅចុងក្រោយដោយយោងតាមសំឡេងគាំទ្រ។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះយានអវកាស Juno ដែលកំពុងវិលជុំវិញភពព្រហស្បតិ៍នោះនឹងធ្វើដំណើរទៅកៀកដើម្បីហោះឆ្វែលភពឧស្ម័នយក្សមួយនេះ នៅថ្ងៃទី២៧ ខែមីនា ហើយតាំងពីដើមមកពុំមានយានស្រាវជ្រាវមួយណានៅក្នុងប្រវត្តិសាស្រ្ត ធ្លាប់បានធ្វើដំណើរទៅកៀកនឹងភពឧស្ម័នយក្សមួយនេះឡើយ៕