(សេអ៊ូល)៖ កូរ៉េខាងត្បូងបាននិយាយថា ការធ្វើតេស្ដសាកល្បងម៉ូទ័រគ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើង គឺបង្ហាញយ៉ាងច្បាស់ពីការរីកចំរើនដ៏សំខាន់ ជុំវិញការអភិវឌ្ឍម៉ូទ័រគ្រាប់រ៉ុក្កែតនំាផ្កាយរណបទៅកាន់គន្លងតារាវិថី ខណៈអ្នកជំនាញមួយចំនួនយល់ថា ទីក្រុងព្យុងយ៉ាងនឹងប្រើបច្ចេកវិទ្យានេះដើម្បីផលិតគ្រាប់មីស៊ីល ផ្លោងអន្តរទ្វីប ICBM ដែលមានភាពខ្លាំងជាងមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យរងក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Lee Jin-woo បានលើកឡើងដូច្នេះថា «តាមរយៈការធ្វើតេស្ដសាកល្បងនេះ ម៉ូទ័រគ្រាប់រ៉ុក្កែតកូរ៉េខាងជើង កាន់តែមានភាពរីកចំរើនទៅមុខ។ ក៏ប៉ុន្តែអ្វីដែលសំខាន់នៅពេលនេះ គឺត្រូវតែមានការវិភាគស៊ីជម្រៅមួយសំដៅបញ្ជាក់ថា តើកូរ៉េខាងជើង នឹងប្រើប្រាស់បច្ចេកវិទ្យានេះក្នុងគោលបំណងអ្វីឱ្យប្រាកដ»។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ចំពោះការសាកល្បងម៉ូទ័រគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលនាពេលថ្មីៗនេះ ហើយលោកថែមទាំងបានអះអាងដែរថា ជោគជ័យនៃការសាកល្បងនេះជាកំណើតថ្មីមួយ នៃឧស្សាហកម្មគ្រាប់រ៉ុក្កែតកូរ៉េខាងជើង៕