(ម៉ូស៊ូល)៖ កងកម្លាំងយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលកំពុងធ្វើការប្រយុទ្ធប្រឆាំងជាមួយក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ISIS បានដណ្តើមកាន់កាប់តំបន់ជាច្រើនកន្លែងបន្ថែមទៀត ស្ថិតនៅភាគខាងលិចទីក្រុងម៉ូស៊ូល ស្របពេលដែលកងយន្តហោះចម្បាំងអន្តរជាតិ ដែលជួយគាំទ្រដល់ប្រតិបត្តិការយោធាទ្រង់ទ្រាយធំនេះ បានបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេដឹកនាំជាន់ខ្ពស់ ISIS ចំនួន ០៦នាក់ នៅក្នុងទីក្រុងម៉ូស៊ូល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
កាលពីថ្ងៃទី១៩ ខែកុម្ភៈកន្លងទៅនេះ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Haider al-Abadi ដែលជាមេបញ្ជាការកំពូលនៃកងកម្លាំងយោធាអ៊ីរ៉ាក់ផងដែរនោះ បានប្រកាសអំពីការចាប់ផ្តើមនៃប្រតិបត្តិការដើម្បីវាយបណ្តេញក្រុមសកម្មប្រយុទ្ធ ISIS ចេញពីតំបន់ភាគខាងលិចនៃទីក្រុងម៉ូស៊ូល។ ដោយឡែកកាលពីចុងខែមករា ឆ្នាំ២០១៧លោក Abadi បានប្រកាសអំពីការរំដោះយកបានតំបន់ភាគខាងកើត នៃទីក្រុងម៉ូស៊ូល បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញប្រឆាំងនឹងក្រុម ISIS អស់រយៈពេលមិនតិចជាង ១០០ថ្ងៃ នោះឡើយ។ យ៉ាងណាមិញតំបន់ភាគខាងលិចនៃទីក្រុងដ៏ធំជាងគេទីពីររបស់ប្រទេសអ៊ីរ៉ាក់នេះ ជាមួយនឹងផ្លូវតូចៗ និងចំនួនប្រជាជនចន្លោះពី ៧៥០,០០០នាក់ទៅ៨០០,០០០នាក់ ទំនងជាបញ្ហាប្រឈមដ៏ធំសម្បើមមួយសម្រាប់កងកម្លាំងរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។
គួរបញ្ជាក់ថាទីក្រុងម៉ូស៊ូល ដែលស្ថិតនៅចម្ងាយ ៤០០គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានីបាកដាដ បានបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម ISIS ចាប់តាំងតែពីខែមិថុនា ឆ្នាំ២០១៤មក នៅពេលកងទ័ពរដ្ឋាភិបាលបានទម្លាក់អាវុធចោល ហើយរត់ភៀសខ្លួនចេញពីទីនោះ ដែលបានអនុញ្ញាតឲ្យក្រុមសកម្មប្រយុទ្ធនេះកាន់កាប់តំបន់ភាគខាងជើង និងខាងលិចនៃប្រទេសអ៊ីរ៉ាក់តែម្តង៕