(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ថាប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សង្ឃឹមថាអាចនឹងមានទំនាក់ទំនងល្អ និងការយល់ពីគ្នាទៅវិញទៅមកជាមួយចិន ព្រមទាំងមានឱកាសក្នុងការរៀបចំជំនួបទ្វេភាគីមួយនៅពេលអនាគត។ ទន្ទឹមគ្នានោះដែរប្រធានាធិបតីចិនក៏បាននិយាយដែរថា សហរដ្ឋអាមេរិក និងចិនអាចនឹងក្លាយជាដៃគូដ៏ល្អ។ នេះបើតាមការដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក ធីល្លឺសុន ធ្វើឡើងនៅក្នុងជំនួបរយៈពេលជាង២០នាទីជាមួយលោក ស៊ី នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ នៅឯមហាវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង នាឱកាសបញ្ចប់ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក មកកាន់ប្រទេសចិនចាប់តាំងពីបានឡើងកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាមេរិកកាលពីខែមុនមក។
ដោយឡែកនៅក្នុងជំនួបនោះដែរ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានបញ្ជាក់ថាលោកពិតជារីករាយដែលបានឃើញដំណើរការយ៉ាងល្អនៃទស្សនកិច្ច និងការប្រជុំរបស់លោក ធីល្លឺសុន នៅចិនហើយថាលោក និងលោក ត្រាំ សង្ឃឹមថាអាចនឹងឈានដល់ដំណាក់កាលថ្មីមួយ នៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយលក្ខណៈស្ថាបនារវាងប្រទេសទំាងពីរ។ «អ្នក (លោក ធីលឺសុន) និយាយថា សហរដ្ឋអាមេរិក និងចិនអាចនឹងក្លាយជាដៃគូដ៏ល្អហើយខ្ញុំពិតជាគាំទ្រចំពោះគំនិតនេះ (...) ផ្អែកលើផលប្រយោជន៍រួមគ្នា និងការធ្វើកិច្ចសហប្រតិបត្តិការជាគឺជាជំរើសដ៏ល្អបំផុត»។ នេះបើតាមសម្តី លោក ស៊ី ជិនពីង។
គួរបញ្ជាក់ថានេះគ្រាន់តែអាចជាសម្ដីនៅលើឆាកតែប៉ុណ្ណោះ ហើយចំណែកឯនៅខាងក្រៅឆាកវិញ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងមានការខ្វែងគំនិតលើបញ្ហាធំៗជាច្រើនដូចជាសំណុំរឿងសមុទ្រចិនខាងត្បូង កូរ៉េខាងជើង ជាពិសេសនោះគឺគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារ មីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូងតែម្ដង ដែលចិនបានសម្ដែងការជំទាស់ជាដាច់ខាត ខណៈសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចាប់ផ្ដើមដំណើរការនីតិវីធីតម្លើង THAAD ជាបណ្ដើរៗហើយដើម្បីទប់ទល់នឹងការវាយប្រហារពីមីស៊ីលកូរ៉េខាងជើង ជាយថាហេតុណាមួយ៕