(វ៉ាស៊ីនតោន)៖ ការប្រើប្រាស់កម្លាំងយោធាប្រឆាំងកូរ៉េខាងជើង មិនថាជាលក្ខណៈទ្រង់ទ្រាយតូច ឬធំនោះទេ វាអាចនឹងបង្កជាហានិភ័យនឹកស្មានមិន ដែលនាំទៅរកសង្រ្គាមដ៏ធំមួយ (សង្រ្គាមលោកលើកទី៣) ដែលអាចនឹងផ្ដាច់យកអាយុជីវិតរាប់លាននាក់ ពិសេសប្រជាជនកូរ៉េខាងជើង កូរ៉េខាងត្បូង និងជប៉ុន ព្រោះថាការធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង គឺជាការធ្វើសង្រ្គាមនុយក្លេអ៊ែរ។ នេះបើតាមកាសែត New York Times ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
គំនិតប្រើប្រាស់កម្លំាងយោធាវាយប្រហារសង្រ្គប់លើទីក្រុងព្យុងយ៉ាង បានកើតឡើងសាជាថ្មីបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល្លឺសុន បាននិយាយនៅក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង កាលពីសប្ដាហ៍មុនថា ជំរើសទាំងអស់ ក្នុងនោះរួមមានទំាងជំរើសប្រើកម្លាំងយោធាមានលើតុរួចជាស្រេចដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង។ ដោយឡែកជុំវិញការលើកឡើងនេះដែរ New York Times បានបញ្ជាក់ថា ជំរើសយោធាដែល អាចនឹងប្រើប្រាស់វាយប្រហារទៅលើកូរ៉េខាងជើងមាន៣ជំរើស នោះគឺការវាយប្រហារបំផ្លាញការបាញ់មីស៊ីល, ការវាយប្រហារកម្ទេចឃ្លំាងអាវុធនុយក្លេអ៊ែរ និង មីស៊ីលរបស់កូរ៉េខាងជើង, និងការវាយប្រហារកម្ទេចរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចោលតែម្ដង។
ទោះបីជាយ៉ាងណាក៏ដោយវាមានភាគរយតិចណាស់ថា សហរដ្ឋអាមេរិក អាចនឹងជ្រើសរើសយកការប្រើប្រាស់កម្លាំងយោធាប្រឆាំងទីក្រុងព្យុងយ៉ាង ត្បិតទីក្រុងវ៉ាស៊ីតោនដឹងយ៉ាងច្បាស់ថា រុស្ស៊ីជាពិសេសគឺចិន នឹងមិនអាចឈរអោបដៃមើលឡើយ ពោលគឺបើសិនសហរដ្ឋអាមេរិកចង់ធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង ត្រូវរំលងទីក្រុងប៉េកាំងជាមុនសិន ដូចមានជាឧទាហរណ៍ស្រាប់នៅក្នុងសង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣)៕