(បាងកក)៖ ប៉ូលិសថៃបានឲ្យដឹងថា ពួកគេទើបតែបានរកឃើញពីគំរោងការណ៍ដ៏ខ្មៅងងឹតមួយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងធ្វើឃាតនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីមានការរឹបអូសបានឃ្លាំងស្តុកអាវុធមួយកន្លែង ជាកម្មសិទ្ធិរបស់សកម្មជនប្រឆាំងរដ្ឋាភិបាលយោធាដែលបានរត់គេចខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧។
កម្លាំងប៉ូលិសនៃប្រទេសថៃនៅថ្ងៃអាទិត្យម្សិលមិញនេះ បានរកឃើញកាំភ្លើងវែងជាច្រើនដើម រួមជាមួយគ្រាប់បែកមួយចំនួន ក៏ដូចជាគ្រាប់កាំភ្លើងរាប់សិបគ្រាប់ នៅផ្ទះរបស់មេដឹកនាំសកម្មជនអាវក្រហមឈ្មោះ Wuthipong Kochathamakun ដែលបានរត់ភៀសខ្លួនចាប់តាំងពីការធ្វើរដ្ឋប្រហារយោធាមកម៉្លេះ។ ម៉្យាងវិញទៀតសមត្ថកិច្ចក៏បានចាប់ខ្លួនបុរសចំនួន ០៩នាក់ ផ្សេងទៀតនៅក្នុងប្រតិបត្តិការនេះផងដែរ ដោយបានបញ្ជាក់ថា ពួកគេបានភស្តុតាងយ៉ាងជាក់ច្បាស់ថាជនសង្ស័យទាំងប៉ុន្មានរូបនេះ និងបណ្តាញរបស់ពួកបានរៀបចំគំរោង ដើម្បីបង្កភាពចលនាចលនៅក្នុងប្រទេស។
លោក Jakthip Chaijinda មេបញ្ជាការប៉ូលិសថៃបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា «យើងបានរកឃើញកាំភ្លើងបាញ់ស៊ីបមួយដើម ហើយយើងធានាថា វាមិនមែនសម្រាប់បាញ់សត្វបក្សីលេងនោះឡើយ ប៉ុន្តែដើម្បីត្រៀមសម្រាប់ប្រើប្រាស់ក្នុងការលួចធ្វើឃាតមេដឹកនាំប្រទេសថៃ» ដោយសំដៅទៅលើនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា តែម្តង។ យ៉ាងណាមិញមន្រ្តីប៉ូលិសថៃ ពុំបានបង្ហាញភស្តុតាងអ្វីផ្សេងទៀតអំពីគំរោងការណ៍ធ្វើឃាតនេះឡើយ ប៉ុន្តែលោក Jakthip បាននិយាយថាលោក Wuthipong និងបណ្តាញរបស់ខ្លួនតែងតែបានធ្វើការប្រឆាំងនឹងរដ្ឋាភិបាលយោធា ហើយក្រុមសកម្មជននេះបានព្យាករណ៍នៅលើបណ្តាញទំនាក់ទំនងសង្គមថា លោកនាយករដ្ឋមន្រ្តីនឹងត្រូវគេធ្វើឃាតនៅថ្ងៃណាមួយជាក់ជាមិនខាន។
គួរបញ្ជាក់ថាលោក ប្រាយុទ្ធ ចាន់អូចា ដែលជាអតីតមេទ័ពថៃបានផ្តួររំលំរដ្ឋាភិបាលប្អូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺលោកស្រី យីងឡាក់ នៅក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមករដ្ឋាភិបាលយោធារបស់លោក ប្រាយុទ្ធ បានរកឃើញឃ្លាំងស្តុកសព្វាវុធជាច្រើនកន្លែង ដែលជារបស់ក្រុមស្ម័គ្រស្មោះនឹងត្រកូល ស៊ីណាវ៉ាត់៕