(ហាណូយ)៖ ៤៨ដុំនៃគំរូសាច់ជ្រូក ក្នុងចំណោមគំរូសាច់ជ្រូកសរុប ១០៨ដុំ ដែលត្រូវបានប្រមូលពីផ្សារ Wet ក្នុងខេត្ត Hung Yen ដើម្បីយកមកវិភាគបានបង្ហាញថា មានពោរពេញទៅដោយបាក់តេរីដ៏មានគ្រោះថ្នាក់ម្យ៉ាងដល់សុខភាពអ្នកបរិភោគឈ្មោះថា Salmonella។ នេះបើតាមការដកស្រង់ព័ត៌មានពីវែបសាយវៀតណាម Vietnam News នៅថ្ងៃចន្ទ ទី២០ខែមីនា ឆ្នាំ២០១៧។
ការអះអាងខាងលើនេះធ្វើឡើងដោយផ្អែកលើការសិក្សាស្រាវជ្រាវ និងវិភាគនៅចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ដែលទើបតែចេញផ្សាយនាពេលថ្មីៗនេះ ដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ សុខាភិបាលទីក្រុងហាណូយ និងស្ថាប័នដៃគូជាច្រើនទៀត។ លើសពីនេះទៅទៀតការសិក្សាស្រាវជ្រាវដដែលក៏បានបញ្ជាក់ដែរថា នៅក្នុងចំណោមសាច់ជ្រូកដែលត្រូវបានយកមកវិភាគ មានសុទ្ធតែពពួកបាក់តេរី បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ខណៈអ្នកបរិភោគសាច់ជ្រូកនៅក្នុងខេត្ត Hung Yen បានធ្លាក់ខ្លួនឈឺដោយសារប៉ាក់តេរី Salmonella ១៨ភាគរយក្នុងមួយឆ្នាំ ហើយនេះគឺផ្ទុយទាំងស្រុងពីការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក WHO កាលពីឆ្នាំ២០១៥ ដែលថា ការបរិភោគសាច់ជ្រូកមានផ្ទុកប៉ាក់តេរី Salmonella មានតែមួយភាគរយប៉ុណ្ណោះ នៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍រួមទាំងវៀតណាម។
គួរបញ្ជាក់ថា Salmonella គឺជាប្រភេទប៉ាក់តេរី ដែលអាចបង្កជំងឺដល់មនុស្សដូចជា ជំងឺរាគ ឈឺពោះ គ្រុនក្ដៅ និងជាតិពុលនៅក្នុងឈាមកើនឡើងជាដើម៕