(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងជើងបានដឹកនាំការសាកល្បងម៉ូទ័រ នៃគ្រាប់រ៉ុក្កែតដ៏មានឥទ្ធិពលថ្មីមួយ នៅឯស្ថានីយបាញ់បង្ហាះគ្រាប់រ៉ុក្កែត Tongchang-ri ហើយមេដឹកនាំប្រទេសកុម្មុយនីស្ដឯកោមួយ លោក គីម ជុងអ៊ុន បានប្រកាសថា ជោគជ័យនៃការសាកល្បងនេះ គឺជា កំណើតថ្មីនៃឧស្សាហកម្មគ្រាប់រ៉ុក្កែតរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មានកូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០១៧។
យោងតាម KCNA ការសាកល្បងម៉ូទ័រនៃគ្រាប់រ៉ុក្កែតនេះ នឹងជួយឱ្យកូរ៉េខាងជើង ឈានដល់បាញ់បង្ហោះផ្កាយរណបលំដាប់ថ្នាក់អន្តរជាតិ ក៏ដូចជាការអភិវឌ្ឍន៍សមត្ថភាពមីស៊ីលរយៈចំងាយឆ្ងាយ។ «នៅក្នុងឱកាសចូលរួមបញ្ជាការធ្វើតេស្ដដោយផ្ទាល់ គាត់ (លោក គីម ជុងអ៊ុន) បានកត់សម្គាល់ថា ជោគជ័យនៃការសាកល្បងម៉ូទ័រនៃគ្រាប់រ៉ុក្កែតនេះ គឺជាជោគជ័យជាប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ ត្បិតវាជាការចាប់កំណើតថ្មីមួយ សម្រាប់ឧស្សាហកម្មគ្រាប់រ៉ុក្កែតកូរ៉េខាងជើង ហើយពិភពលោកនឹងចូលរួមធ្វើសាក្សីនៃភាពជោគជ័យដ៏សម្បើមនេះ ក្នុងពេលដ៏ខ្លីខាងមុខ»។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
គួរបញ្ជាក់ថា ការប្រកាសពីការសាកល្បងម៉ូទ័រគ្រាប់រ៉ុក្កែតនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល្លឺសុន គំរាមប្រើប្រាស់កម្លាំងយោធាវាយប្រហារលើកូរ៉េខាងជើង។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយនៅក្នុងជំនួបជាមួយសមភាគីចិន កាលពីថ្ងៃសៅរ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកំាង នឹងធ្វើការងារជាមួយគ្នាដើម្បីឱ្យកូរ៉េខាងជើង បោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ៕