(ប៉ារីស)៖ ប៉ូលិសបារាំងបានសម្រេចចិត្តបាញ់សម្លាប់បុរសម្នាក់ ដែលបានព្យាយាមដណ្តើមកាំភ្លើងពីមន្ត្រីយោធា និងត្រូវបានគេសង្ស័យថាមានពាក់ខ្សែក្រវ៉ាត់បង្កប់គ្រាប់បែកនៅជាប់ខ្លួនថែមទៀត នៅព្រលានយន្តហោះ Orly នៃទីក្រុងប៉ារីស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅមុននេះបន្តិចនាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
បច្ចុប្បន្នកងកម្លាំងជំនាញខាងពិនិត្យរកជាតិផ្ទុះរបស់បារាំង កំពុងតែធ្វើប្រតិបត្តិការដើម្បីស្វែងរកថាតើបុរសដែលបានស្លាប់ខាងលើនេះ ពិតជាបានបំពាក់គ្រាប់បែកជាប់ខ្លួនមែនឬទេ ខណៈមិនទាន់មានប្រភពណាមួយបញ្ជាក់ថា វាជាអំពើភេរវកម្មកើតឡើងជាថ្មីនៅទីក្រុងប៉ារីសនោះឡើយ។ ហេតុការណ៍ដែលបានកើតឡើងនៅអំឡុងម៉ោង ៨៖៣០នាទីព្រឹកម៉ោងនៅប៉ារីស (ត្រូវនឹងម៉ោង ៣៖៣០នាទីម៉ោងនៅសិង្ហបុរី) ខាងលើនេះ បានបណ្តាលឲ្យអ្នកដំណើរជាច្រើនភៀសខ្លួនចេញទៅរកកន្លែងសុវត្ថិភាព ហើយដំណើរការក្នុងព្រលាននោះត្រូវបានផ្អាកជាបណ្តោះអាសន្ន ដោយមិនទាន់កំណត់ពេលបើកឡើងវិញនៅឡើយ៕