(សេអ៊ូល)៖ ទោះបីជាស្ថិតនៅក្នុងក្តីសង្ឃឹមដ៏តិចតួចក្តី ក៏ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ នៅតែប្រមូលផ្តុំគ្នាតវ៉ាដដែល ដោយមានអ្នកស្មោះស្ម័គ្រជាច្រើនបានស្រែកយំ ដើម្បីទាមទារឲ្យតុលាការដក ការចោទប្រកាន់ទាំងអស់ ចំពោះលោកស្រី ផាក ដែលពួកគេស្រឡាញ់ដែលទើបត្រូវបានទម្លាក់ចេញពីតំណែងកាលពីសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាររសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាកាលពីថ្ងៃអង្គារ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានបញ្ជាឲ្យអតីតប្រធានាធិបតីខាងលើនេះ បង្ហាញខ្លួននៅកន្លែងសួរចម្លើយនៅសប្តាហ៍ក្រោយ ដើម្បីទទួលការស៊ើបសួរអំពី រឿងអាស្រូវពុករលួយ ដែលនាំឲ្យរូបលោកស្រីធ្លាក់ចេញពីតំណែងនោះ។ សម្រាប់ក្រុមអ្នកតវ៉ាសម្តែងការគាំទ្រលោកស្រី ផាក នៅថ្ងៃសៅរ៍នេះមានចំនួនជាង ២,០០០នាក់ដែលបានដើរដង្ហែក្បួនតាមដងវិថីនានា ក្នុងទីក្រុងសេអ៊ូល ហើយក្នុងនោះក្រុមមនុស្សមានគ្នាជាង ១០០នាក់ហាក់បង្ហាញភាពសកម្ម និងការតវ៉ាខ្លាំងជាងគេ រហូតដល់អ្នកស្រែកទ្រហោយំទាមទាររកយុត្តិធម៌ជូនលោកស្រី ផាក ថែមទៀតផង។
សម្រាប់ការតវ៉ាខាងលើត្រូវបានគេរំពឹងថា នឹងអូសបន្លាយដល់ថ្ងៃអាទិត្យចុងសប្តាហ៍នេះ ហើយរហូតមកទល់នឹងពេលនេះ ពុំមានសេចក្តីរាយការណ៍ថា ក្រុមអ្នកតវ៉ាមានការប៉ះទង្គិច ឬបង្កអំពើហិង្សាជាមួយសមត្ថកិច្ចទីក្រុងសេអ៊ូលនោះឡើយ៕