(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នាមួយស្តីពីការនាំចេញការផ្ទេរពលកររវាងប្រទេសទាំងពីរ ដែលប្រការនេះត្រូវបានគេមើលឃើញថា កូរ៉េខាងជើងកំពុងងាកមកជិតស្និទ្ធនឹងរុស្ស៊ីខ្លាំងជាងចិន ក៏ព្រោះតែភាពរកាំរកូសកន្លងមក ដែលចិនមិនអាចរារាំងកូរ៉េខាងជើងក្នុងការធ្វើតេស្តនុយក្លេអ៊ែរ ឬក៏មីស៊ីលបាន និងថែមទាំងបានបង្ខំចិត្តដាក់ទណ្ឌកម្មកូរ៉េខាងជើងតបតាមការទាមទាររបស់អន្តរជាតិថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានកូរ៉េខាងត្បូង នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
សេចក្តីរាយការណ៍ព័ត៌មានខាងលើដដែលបានឲ្យដឹងថា ក្រុមការងារចម្រុះទទួលបន្ទុករៀបចំក៏ដូចជាចាត់ចែងរាល់បញ្ហា ដែលពាក់ព័ន្ធនឹងការអនុវត្តន៍នៃកិច្ចព្រមព្រៀងស្តីពីការប្រកបរបរចិញ្ចឹមជីវិតបណ្តោះអាសន្នរបស់ប្រជាពលរដ្ឋនៃប្រទេសរុស្ស៊ី និងកូរ៉េខាងជើងត្រូវបានចុះហត្ថលេខានៅក្នុងរដ្ឋធានីព្យុងយ៉ាងនាថ្ងៃសុក្រម្សិលមិញនេះ។
យោងតាមទីភ្នាក់ងារព័ត៌មាន KCNA កិច្ចព្រមព្រៀងខាងលើនេះត្រូវបានចុះហត្ថលេខាដោយលោក Ri Kwang Gun អនុរដ្ឋមន្រ្តីទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចក្រៅប្រទេស និងប្រតិភូមកពីការិយាល័យទូទៅនៃកិច្ចការអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃរបស់ប្រទេសរុស្ស៊ី ដែលដឹកនាំដោយអគ្គនាយករងលោក Dmitri Demidenko។ យ៉ាងណាមិញពុំមានព័ត៌មានលម្អិតច្បាស់ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីរាយការណ៍នេះឡើយ។
គួរបញ្ជាក់ថារុស្ស៊ីគឺជាប្រទេសតែមួយគត់ក្រៅពីចិន ដែលបានជើងហោះធ្វើដំណើរជាប្រចាំទៅកាន់ប្រទេសកូរ៉េខាងជើង ហើយក៏ជាអ្នកដែលតែងតែយោគយល់កូរ៉េខាងជើងបំផុតបន្ទាប់ពីចិនផងដែរ នៅពេលដែលអន្តរជាតិចោមរោមដាក់ទណ្ឌកម្មកូរ៉េខាងជើងម្តងៗនោះ៕