(វ៉ាស៊ីនតោន)៖ ប្រទេសកូរ៉េខាងជើងកំពុងបង្ហាញពីតំរុយ នៃការរៀបចំលក្ខណៈសម្រាប់ការធ្វើតេស្តសាកល្បងប្រព័ន្ធម៉ាស៊ីនរបស់គ្រាប់រ៉ុក្កែត នៅទីតាំងបង្ហោះរ៉ុក្កែតរយៈចម្ងាយឆ្ងាយរបស់ខ្លួន។ នេះបើតាមគេហទំព័រនៃក្រុមឃ្លាំមើលរដ្ឋកុម្មុនិស្តមួយនេះ របស់សហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
វែបសាយអាមេរិកឈ្មោះថា 38 North រូបភាពផ្តិតយកបានដោយផ្កាយរណបពាណិជ្ជកម្មកាលពីថ្ងៃទី១៣ ខែមីនា អំពីស្ថានីយ៍បង្ហោះគ្រាប់រ៉ុក្កែត Dongchangni របស់កូរ៉េខាងជើងបានបង្ហាញថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងរៀបចំខ្លួន សម្រាប់ការធ្វើតេស្តគ្រឿងម៉ាស៊ីននៃគ្រាប់រ៉ុក្កែត។
គួរបញ្ជាក់រូបភាពពីផ្កាយរណបផ្សេងទៀតដែលគេហទំព័រ 38 North បានចេញផ្សាយនាពេលកន្លងទៅនេះ ក៏បានបង្ហាញពីសកម្មភាពរបស់ក្រុមវិស្វកម្មកូរ៉េខាងជើង នៅតំបន់ដែលទីក្រុងព្យុងយ៉ាងទុកសម្រាប់ធ្វើតេស្តនុយក្លេអ៊ែរមានឈ្មោះថា Punggye-ri ជាទីតាំងដែលរដ្ឋនេះធ្លាប់បំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរចំនួន០៥លើករួចមកហើយ។ របាយការណ៍កាលនោះបានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្តជីករូងក្រោមដីនៅតំបន់ភ្នំ Mantap ពិតជានឹងអនុញ្ញាតឲ្យកូរ៉េខាងជើង ធ្វើតេស្តគ្រាប់បែកនុយក្លេអែរក្រោមដី ដែលមានអានុភាពខ្លាំងលើសមុនៗទៀត ដែលវាអាចនឹងកើនឡើងរហូតដល់ទៅទម្ងន់ ២៨២គីឡូតោន (ខ្លាំងលើសមុន ១៤ដង)»៕