(សេអ៊ូល)៖ ព្រលានយន្តហោះអន្តរជាតិតែមួយគត់របស់ប្រទេសកូរ៉េខាងជើង ត្រូវបានក្រុមវាយតម្លៃស្តង់ដារចាត់ចូលទៅក្នុងបញ្ជីឈ្មោះនៃអាកាសយានដ្ឋានលំដាប់អន់មួយ នៅលើសកលលោក។ នេះបើតាមក្រុមអ្នកវាយតម្លៃមួយនៅចក្រភពអង់គ្លេស ដែលបានបញ្ចេញរបាយការណ៍ចុងក្រោយនៅក្នុងសប្តាហ៍នេះ និងត្រូវបានដកស្រង់មកចុះផ្សាយដោយយ៉ុនហាប់ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
ក្រុមវាយតម្លៃឈ្មោះ Skytrax ខាងលើនេះ បានធ្វើការស្ទង់មតិពីអាកាសយានដ្ឋានជាង ៥០០កន្លែងនៅជុំវិញពិភពលោក ហើយអាកាសយានដ្ឋានអន្តរជាតិ Sunan របស់កូរ៉េខាងជើងបានធ្លាក់ចេញពីប្រព័ន្ធស្តង់ដារកំណត់នៃឆ្នាំ២០១៧នេះ ដោយយោងទៅលើភាពមិនល្អគ្រប់គ្រាន់ផ្នែក អនាម័យ, សេវាកម្មបុគ្គលិក, ចំណីអាហារ និងផ្សារទំនើបនានានៅក្នុងព្រលាននោះតែម្តង។
គួរបញ្ជាក់ថាព្រលានយន្តហោះអន្តរជាតិ Sunan របស់កូរ៉េខាងជើង ត្រូវបានរដ្ឋកុម្មុយនិស្តមួយនេះធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានរដ្ឋជារឿយៗថា ជាកន្លែងដែលមានបំពាក់បច្ចេកវិទ្យាខ្ពស់ក្នុងប្រទេស ប៉ុន្តែបើតាមក្រុមជំនាញរបស់ Skytrax ព្រលានយន្តហោះនេះមិនបានទាំងផ្តល់ព័ត៌មានជាក់លាក់ផងក្នុងវែបសាយរបស់ខ្លួនពាក់ព័ន្ធប្រតិបត្តិការយន្តហោះ និងក្រុមហ៊ុនពាក់ព័ន្ធទាំងឡាយ។
សម្រាប់ព្រលានយន្តហោះអន្តរជាតិ Incheon ដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបាន Skytrax ចាត់ចូលក្នុងលំដាប់ថ្នាក់លេខ ៣ លើពិភពលោក និង Changi របស់សិង្ហបុរីឡើងពីលេខ ៥ មកកាន់លេខ ១តែម្តងនៅក្នុងឆ្នាំ២០១៧នេះ៕