(អូតាវ៉ា)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកាណាដាផ្ទាល់បានរាយការណ៍ថា យន្តហោះធុនតូចចំនួនពីរគ្រឿងបានបុកគ្នាលាន់សូរដូចរន្ទះនៅក្នុងទីក្រុង Montreal ហើយបានបណ្តាលឲ្យមនុស្សម្នាក់បាត់បង់ជីវិតភ្លាមៗ និងបីនាក់ផ្សេងទៀតបានទទួលរងរបួសជាទម្ងន់ នៅរសៀលថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅកាណាដា)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែលខាងលើ យន្តហោះទាំងពីរគ្រឿងបានហោះទៅបុកគ្នាយ៉ាងពេញទំហឹង នៅលើផ្សារទំនើបមួយកន្លែងនៅតំបន់ឆ្នេរភាគខាងត្បូងនៃទីក្រុង Montreal ហើយយន្តហោះមួយគ្រឿងបានធ្លាក់ទៅលើ ដំបូលកន្លែងស្តុកឥវ៉ាន់នៃផ្សារទំនើបនោះ និងមួយគ្រឿងទៀតបានធ្លាក់ក្នុងកន្លែងចតយានយន្ត។
គួរបញ្ជាក់ថាក្រុមប្រឹក្សាភិបាលសុវត្ថិភាពដឹកជញ្ជូនកាណាដា បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតឲ្យទៅកាន់កន្លែងកើតហេតុហើយ និងថែមទាំងបានបញ្ជាក់ផងដែរថា យន្តហោះទាំងពីរគ្រឿងខាងលើមានប្រភេទ Cessna 152 ជាកម្មសិទ្ធិរបស់សាលារៀនបង្រៀនបើកបរយន្តហោះ Cargair ដែលមានទីតាំងនៅទីក្រុង Longueuil ក្បែរទីក្រុង Montreal៕