(លីម៉ា)៖ ក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ប៉េរូបានឲ្យដឹងថា ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះបាន និងកំពុងតែប្រឈមមុខជាមួយការធ្លាក់ភ្លៀងដ៏ខ្លាំងក្លាដែលទំនងជានឹងបន្តរហូតដល់ខែមេសាខាងមុខនេះ ខណៈមនុស្សយ៉ាងតិចចំនួន ៦២នាក់បានបាត់បង់ជីវិត និងជាច្រើននាក់រាប់មិនអស់ផ្សេងទៀតគ្មានទីជ្រកកោន ហើយក្រុងដល់ទៅចំនួន ៧៥០ នៅក្នុងតំបន់ចំនួន១៣ត្រូវបានដាក់ឲ្យស្ថិតក្រោមការសង្រ្គោះបន្ទាន់កម្រិតខ្ពស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសោរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
ដោយឡែកយោងតាមមជ្ឈមណ្ឌលឃ្លាំមើលអាកាសធាតុជាតិ នៃប្រទេសប៉េរូ ENFEN បាតុភូតអាកាសធាតុហៅថា Coastal Nino គឺជាមូលហេតុដែលបានបណ្តាលឲ្យមានភ្លៀងធ្លាក់ជោគជាំដូចបាក់មេឃបែបនេះ។ Coastal Nino ត្រូវបានកត់ចំណាំដោយសីតុណ្ហភាពនៅសមុទ្រឡើងខ្ពស់ ដែលបានកើតពីសីតុណ្ហភាពជាមធ្យមត្រឹម ២២អង្សាសេទៅដល់ ២៧អង្សាសេ។
ជុំវិញករណីគ្រោះមហន្តរាយធម្មជាតិនេះ វិទ្យាស្ថានគាំពារជនស៊ីវិលជាតិប៉េរូបានបញ្ជាក់ថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៦មក ការធ្លាក់ភៀង និងទឹកជំនន់បានបង្កការខូចខាតដល់ផ្លូវថ្នល់សរុបមានប្រវែង ១៨,២៦២គីឡូម៉ែត្រនៅក្នុងតំបន់ Piura និងបានកាត់ផ្តាច់ស្ពានចំនួន ០៦ខ្សែ ព្រមទាំងបានបំផ្លិចបំផ្លាញជាច្រើនខ្សែបន្ថែមទៀត។ ម៉្យាងវិញទៀតដោយសារគ្រោះធម្មជាតិនេះ បានបន្សល់ទុកមនុស្សចំនួន ១០០,០០០នាក់បាត់បង់ទីជម្រក ហើយថែមទាំងបានបំផ្លាញផលដំណាំរាប់ពាន់ហិកតាទៀតផង។ ជាមួយគ្នានេះនៅក្នុងរដ្ឋធានីលីម៉ា រាល់សាលារៀននឹងត្រូវបិទទ្វារហូតដល់ថ្ងៃទី២០ ខែមីនា ហើយប្រព័ន្ធទឹកស្អាតអាចផ្គត់ផ្គង់បានត្រឹមតែ ២៧សង្កាត់ប៉ុណ្ណោះ។
គួរបញ្ជាក់ថារដ្ឋាភិបាលប៉េរូបានធ្វើការប៉ាន់ប្រមាណថា ការខាតបង់ផ្នែកហិរញ្ញវត្ថុមានកម្រិតធ្ងន់ធ្ងរគឺនៅចន្លោះពី ១៥០លានដល់៦០០លានដុល្លារសហរដ្ឋអាមេរិក៕