(វ៉ាស៊ីនតោន)៖ ក្នុងជំនួបពិភាក្សាគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនអំពីការធ្វើពាណិជ្ជកម្ម បញ្ហាអន្តោប្រវេសន៍ និងអនាគតរបស់អង្គការ NATO ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលស្វាគមន៍អធិបការបតីអាល្លឺម៉ង់ តាមរយៈការចាប់ដៃគ្នាពិតមែននៅក្លោងទ្វារចូលទៅកាន់សេតវិមាន ប៉ុន្តែនៅពេលមេដឹកនាំប្រទេសទាំងពីរបានចូលទៅដល់ការិយាល័យប្រធានាធិបតីអាមេរិក (Oval Office) ហើយនោះគឺពុំមានការចាប់ដៃរាក់ទាក់គ្នាតទៀតដូចកាលពីជំនួបរវាងលោក ត្រាំ ជាមួយមេដឹកនាំប្រទេសដទៃៗនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
ខណៈប្រពៃណីក៏ដូចជាទំនៀមទម្លាប់តាំងពីដើមរៀងមក តម្រូវឲ្យប្រធានាធិបតីអាមេរិកធ្វើការចាប់ដៃស្វាគមន៍ ជាមួយមេដឹកនាំប្រទេសដទៃទៀតនៅក្នុង Oval Office ដែលជាកាយវិការដ៏សំខាន់សម្រាប់ថតយករូបភាពរបស់អ្នកនយោបាយនោះ ជំនួបនៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅរដ្ឋធានីវ៉ាស៊ីនតោន) រវាងលោក ដូណាល់ ត្រាំ និងលោកស្រី អេនជេឡា មឺគែល ពុំបានអនុវត្តន៍តាមពិធីការនេះឡើយ។
មុនពេលចាកចេញពីការិយាល័យប្រធានាធិបតីអាមេរិក អ្នកសារព័ត៌មានប្រចាំសេតវិមានម្នាក់បានសួរថា តើមេដឹកនាំប្រទេសទាំងពីរអាចចាប់ដៃគ្នាបានទេ។ ពេលនោះទោះបីជាលោកស្រី មឺគែល បានក្រឡេកទៅកាន់លោក ត្រាំ នៅក្នុងន័យបង្ហាញថាលោកស្រីនឹងពេញចិត្តក្នុងការសម្តែងកាយវិការរាក់ទាក់គ្នានេះ លោកប្រធានាធិបតីសហរដ្ឋអាមេរិកមិនបានកម្រើកសូម្បីតែបន្តិចសោះឡើយ តែបែរជាអង្គុយដោយស្ងប់ស្ងាត់ និងញញឹមទៅកាន់ក្រុមអ្នកកាសែតទៅវិញ ខណៈលោកស្រីអធិការបតីអាល្លឺម៉ង់ក៏បានត្រឹមតែញញឹមញញែមបែបមិនស្រួលក្នុងចិត្តដាក់អ្នកសារព័ត៌មានប៉ុណ្ណោះ។
គួរបញ្ជាក់ថាអ្នកនយោបាយទាំងពីរូបនេះ ពុំសូវជាត្រូវរ៉ូវគ្នាប៉ុន្មាននោះឡើយ ដោយសារលោកស្រី មឺគែល ធ្លាប់បានថ្លែងថ្កោលទោសដោយចំហ ចំពោះបទបញ្ជាដាក់បំរាមធ្វើដំណើរដ៏ចម្រូងចម្រាសដែលលោក ត្រាំ បាននិងកំពុងព្យាយាមដាក់ទៅលើប្រទេសមូស្លីម ហើយលោកប្រធានាធិបតីវិញក៏ធ្លាប់បានចាត់ទុកការបើកទូលាយរបស់អាល្លឺម៉ង់ក្នុងការទទួលជនភៀសខ្លួន គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយផងដែរ៕