(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគីលោក Mevlut Cavusoglu បានព្រមានថាអឺរ៉ុបកំពុងឆ្ពោះទៅរកការផ្ទុះសង្រ្គាមសាសនាហើយ ដោយបានអះអាងថា បណ្តាអ្នកនយោបាយនៃប្រទេសហូឡង់កំពុងនាំយកទ្វីបដ៏ដែលធ្លាប់តែប្រកបដោយសន្តិភាពមួយនេះទៅកាន់មាត់ជ្រោះ ដែលសេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងចំខណៈពេលដែលប្រទេសទាំងពីរកំពុងមានជម្លោះការទូតយ៉ាងក្តៅគគុក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
នាថ្ងៃព្រហស្បតិ៍ម្សិលមិញនេះលោក Cavusoglu បានធ្វើការថ្លែងសុន្ទរកថា នៅក្នុងការជួបជុំទ្រង់ទ្រាយធំមួយនៅឯទីក្រុង Antalya នៃប្រទេសតួកគី និងបានលើកឡើងពីការវាយតម្លៃរបស់រូបលោកផ្ទាល់ ទៅលើការបោះឆ្នោតសភានៅក្នុងប្រទេសហូឡង់ ដោយលទ្ធផលនៃបានបង្ហាញពីភាពបរាជ័យរបស់លោក Geert Wilders ដែលជាអ្នកនយោបាយប្រជានិយមម្នាក់ ក្នុងការប្រមូលសំឡេងភាគច្រើននៃបោះឆ្នោត នៅក្រោយយុទ្ធនាការរបស់លោក ដែលបានអំពាវឲ្យមានការបិទព្រះវិហារអ៊ីស្លាម និងដាក់បំរាមហាមឃាត់ទៅលើព្រះគម្ពីរ Koran។
ផ្ទុយទៅវិញជំនួសការអបអរសាទរថាអ្នកនយោបាយរូបនេះ និងទស្សនៈប្រឆាំងសាសនាអ៊ីស្លាមរបស់លោក ត្រូវបានផ្តួលរំលំដោយគណបក្សរបស់នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte នោះលោក Mevlut Cavosoglu បានព្រមានថាជំនឿរបស់លោក Wilders ត្រូវបានចែករំលែកដោយមនុស្សក៏ដូចជាអ្នកនយោបាយគ្រប់រូបនៅទូទាំងប្រទេសហូឡង់។ លោក Cavosoglue បានថ្លែងថា «វាពុំមានអ្វីខុសគ្នាបន្តិចនោះឡើយរវាងផ្នត់គំនិតរបស់លោក Geert Wilders និងអ្នកសង្គមប្រជាធិបតេយ្យនៅក្នុងប្រទេសហូឡង់ ដោយពួកគេរាល់គ្នាមានផ្នត់គំនិតតែមួយ... ជាផ្នត់គំនិតដែលកំពុងនាំយកទ្វីបអឺរ៉ុបទាំងមូលទៅកាន់មាត់ជ្រោះ ហើយនាពេលឆាប់ៗខាងមុខសង្រ្គាមសាសនាអាច ក៏ដូចជានឹងផ្ទុះចាប់ផ្តើមឡើងនៅអឺរ៉ុបជាក់ជាមិនខានឡើយ»។
គួរបញ្ជាក់ថាការអត្ថាធិប្បាយខាងលើនេះត្រូវបានធ្វើឡើង នៅចំពេលជម្លោះការទូតរវាងហូឡង់ និងតួកគីកំពុងបន្តយ៉ាងក្តៅគគុក។ ទីក្រុងអង់ការ៉ាបានផ្អាកទំនាក់ទំនងជាន់ខ្ពស់ជាមួយប្រទេសហូឡង់កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីលោក Mark Rutte បានបញ្ជាឲ្យដាក់បម្រាមហាមមិនឲ្យរដ្ឋមន្រ្តីការបរទេសតួកគី ជាន់ទឹកដីហូឡង់ដើម្បីថ្លែងសុន្ទរកថាទៅកាន់ពលរដ្ឋតួកគីនៅក្នុងការជួបជុំមួយក្នុងទីក្រុង Rotterdam ជាទីដែលពួកគេត្រូវបានរំពឹងថា នឹងផ្តល់ការគាំទ្រដល់ការធ្វើប្រជាមតិកែប្រែរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសតួកគេ៕