(យូអិន)៖ រដ្ឋាភិបាលប្រទេសស៊ូដង់ខាងត្បូងគឺជាទទួលខុសត្រូវស្ទើរតែទាំងស្រុងចំពោះគ្រោះអត់ឃ្លាន នៅតាមតំបន់ជាច្រើននៃប្រទេសតំបន់អាហ្រ្វិកខាងជើង ដែលហែកហួរដោយសង្រ្គាមមួយនេះ ខណៈប្រធានាធិបតីស៊ូដង់ខាងត្បូងលោក Salva Kiir ដោយមិនខិតខំដោះស្រាយបញ្ហានេះទេ តែបែរជាកំពុងបន្តបង្កើនសព្វាវុធដល់កម្លាំងយោធារបស់លោក តាមរយៈការជះលុយរាប់លានដុល្លារសហរដ្ឋអាមេរិកដែលរកបានពីការលក់ប្រេងរបស់ប្រទេសទៅវិញ។ នេះបើតាមការរបាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឲ្យដឹងថា ទោះបីជាមានវិបត្តិទាំងនយោបាយ ប្រជាជន និងសេដ្ឋកិច្ចខ្លាំងបែបណាក៏ដោយ ក្រុមឃ្លាំងមើលរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ូដង់ខាងត្បូង នៅតែបន្តរកឃើញភស្តុតាំងជាបន្តបន្ទាប់ស្តីពីការទិញដូរសព្វាវុធ ដោយរដ្ឋាភិបាលសម្រាប់ផ្តត់ផ្គង់ដល់កងទ័ពក៏ដូចជាកងការពារសន្តិសុខជាតិ រួមទាំងកងម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធដទៃៗទៀត តាមរយៈការប្រើប្រាស់ចំណូលដែលរកបានពីការលក់ប្រេង។
គួរបញ្ជាក់ថាអង្គការសហប្រជាជាតិបានប្រកាសអាសន្នអំពីគ្រោះអត់ឃ្លាន នៅតាមតំបន់ជាច្រើននៃប្រទេសដែលទើបនឹងកកើតមួយនេះ ដែលប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនសរុប ពោលគឺប្រមាណ ៥.៥លាននាក់ បាននិងកំពុងជួបប្រទះកង្វះខាតស្បៀងអាហារ។ របាយការណ៍របស់ UN បានបញ្ជាក់ថាយោងតាមភស្តុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់ គ្រោះអត់ឃ្លាននេះបានបណ្តាលមកពីសង្រ្គាមផ្ទៃក្នុងដ៏អូសបន្លាយ ជាពិសេសគឺការកើនឡើងនៃប្រតិបត្តិការយោធានៅក្នុងប្រទេសស៊ូដង់ខាងត្បូង ក៏ដូចជាកង្វះខាតនៃការផ្តល់ជំនួយមនុស្សធម៌ពីសំណាក់រដ្ឋាភិបាល៕