(តូក្យូ)៖ សំឡេងប្រកាសអាសន្នតាមឧបករណ៍បំពងសំឡេងជាច្រើន បានបន្លឺឡើងនៅក្នុងសមយុទ្ធជម្លៀសប្រជាជនគេចចេញពីគ្រាប់មីស៊ីលជាលក្ខណៈឯកជនជាលើកដំបូងបំផុតនៅក្នុងប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ ដែលត្រូវបានធ្វើឡើងនៅឯទីក្រុងមួយជាប់ឆ្នេរសមុទ្រ នៅក្នុងបរិបទដែលការព្រួយបារម្ភពីការវាយប្រហារដោយ គ្រាប់មីស៊ីលកូរ៉េខាងជើងកាន់តែកើនឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
សមយុទ្ធជម្លៀសប្រជាជននេះ ធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន ០៤គ្រាប់ ទៅកាន់សមុទ្រជប៉ុនកាលពីថ្ងៃទី០៦ ខែមីនា កន្លងទៅ ដោយក្នុងនោះគ្រាប់មីស៊ីលមួយគ្រាប់ធា្លក់នៅចំងាយប្រមាណ ២០០គីឡូម៉ែត្រនៃទីក្រុង Oga។ ជាងនេះទៅទៀតសមយុទ្ធនេះមានគោលដៅជម្លៀស និងបង្រៀនប្រជាជនជប៉ុន ពីរបៀបគេចខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព នៅក្នុងករណីមានការវាយប្រហារពីគ្រាប់មីស៊ីលកូរ៉េខាងជើង ជាយថាហេតុណាមួយ ខណៈស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ កំពុងស្ថិតនៅក្នុងភាពតានតឹងស្រាប់។
គួរបញ្ជាក់ថាបើតាមអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន សមយុទ្ធបែបជម្លៀសនេះពិតជាមានសារៈសំខាន់ ក្នុងការអប់រំសាធារណជនជប៉ុនពីរបៀបរត់គេចខ្លួន ស្របពេលប្រជាជនមួយចំនួនក្នុងទីក្រុង Oga កំពុងព្រួយបារម្ភថាតើពួកគេត្រូវធ្វើដូចម្ដេចដើម្បីគេចចេញពីគ្រោះថ្នាក់ បើសិនជាមានការវាយប្រហារដោយមីស៊ីល ពីទីក្រុងព្យុងយ៉ាងមែននោះ៕