(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ដែលកំពុងតែបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងនោះបានធ្វើការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា «សកម្មភាពយោធាអាមេរិកប្រឆាំងរដ្ឋនុយក្លេអ៊ែរដូចជាកូរ៉េខាងជើង គឺជាជម្រើសមួយដែលមានស្រាប់» ប្រសិនបើការ គំរាមកំហែងដោយអាវុធប្រល័យលោក នុយក្លេអ៊ែរកាន់តែខ្លាំងឡើងនោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិចដោយ Channel News Asia ដកស្រង់ពី AFP នារសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
ការថ្លែងព្រមានធ្ងន់ៗខាងលើនេះគឺត្រូវបានអ្នកវិភាគលើកឡើងថា ជាការបង្ហាញពីនយោបាយយុទ្ធសាស្ត្រថ្មីរបស់អាមេរិក ដែលនឹងផ្លាស់ប្តូរកាន់តែក្តៅគគុកជាងមុន ទៅលើប្រទេសកូរ៉េខាងជើង ហើយលោក ធីល្លឺសុន ក៏បានសង្កត់ធ្ងន់ផងដែរថាកម្មវិធីមីស៊ីល និងនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវតែផ្អាក។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា «នយោបាយនៃយុទ្ធសាស្ត្របែបអត់ធ្មត់ត្រូវបានបញ្ចប់ហើយ។ យើងកំពុងស្វែងរកចំណាត់ការផ្នែក ការទូត, សន្តិសុខ, និងដំណោះស្រាយសេដ្ឋកិច្ចថ្មី។ គ្រប់ជម្រើសទាំងអស់គឺស្ថិតនៅលើតុស្រាប់»។
គួរបញ្ជាក់ថា នេះគឺជាលើកទីពីរហើយសម្រាប់ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសអាមេរិ មកកាន់តំបន់អាស៊ី ខណៈដែលស្ថានការណ៍ ក្នុងតំបន់នេះកំពុងតានតឹងបំផុតដែលបង្កឡើងដោយប្រទេសកូរ៉េខាងជើង ធ្វើការបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ ឆ្លើយតបនឹងសមយុទ្ធ យោធាដ៏កក្រើកមេឃរញ្ជួយដីរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕