(វ៉ាស៊ីនតោន)៖ យោធាសហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅ រដ្ឋធានីវ៉ាស៊ីនតោន) បានឲ្យដឹងថា ខ្លួនពិតជាបានបើកការវាយប្រហារតាមផ្លូវអាកាសដ៏កក្រើកមួយ ទៅលើកន្លែងប្រជុំរបស់ក្រុមភេរវករអាល់កៃដានៅភាគខាងជើងប្រទេសស៊ីរីប្រាកដមែន តែបានធ្វើការបដិសេធចំពោះសេចក្តីរាយការណ៍ដែលថា ជនស៊ីវិលជាង៤០នាក់បានបាត់បង់ជីវិត ខណៈពេលដែលព្រះវិហារមួយកន្លែង បានទទួលរងការវាយប្រហារនៅក្នុងប្រតិបត្តិការយោធានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ John Thomas អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាកណ្តាលសហរដ្ឋអាមេរិក (Centcom) បានថ្លែងបញ្ជាក់ថា «ពួកយើងពុំមានគោលដៅ ទៅលើព្រះវិហារសាសនាណាមួយឡើយ ប៉ុន្តែអគារជាគោលដៅរបស់យើងដែលជាទីកន្លែងណាត់ជួបគ្នារបស់ក្រុមភេរវករវិញនោះទេ គឺស្ថិតនៅចម្ងាយប្រមាណ ១៥ម៉ែត្រពីព្រះវិហារមួយកន្លែង ដែលខណៈពេលនេះមានសភាពនៅល្អដូចដើមពុំមានការខូចខាតអ្វីទាំងអស់»។
គួរបញ្ជាក់ថាយោងតាមសេចក្តីថ្លែងការណ៍របស់ Centcom កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក បានចេញប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសមួយ ទៅលើទីកន្លែងណាត់ជួបគ្នារបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដានៅស៊ីរី ដែលបានផ្តាច់ជីវិតក្រុមភេរករមួយចំនួន។ ដោយឡែកជុំវិញសេចក្តីរាយការណ៍របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅស៊ីរីដែលថា មនុស្សចំនួន៤២នាក់ភាគច្រើនជាជនស៊ីវិលបានស្លាប់នៅក្នុងប្រតិបត្តិការនោះ យោធាអាមេរិកនឹងបើកការស៊ើបអង្កេតទៅលើករណីនេះ៕