(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានបង្ហាញពីសំណើស្ដីពីកញ្ចប់ថវិកាជាតិឆ្នាំ២០១៨ ដោយ ក្នុងនោះរួមមានទំាងការបង្កើនកញ្ចប់ថវិកាជាតិលើវិស័យការពារជាតិជាង ៥៤ពាន់លានដុល្លារ ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយលើកម្មវិធី បរិស្ថាន និងជំនួយអាមេរិកនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមសំណើខាងលើរបស់លោក ដូណាល់ ត្រាំ ក្រសួងការពារជាតិអាចនឹងទទួលបានកញ្ចប់ថវិកា រហូតដល់ ៦៣៩ពាន់លានដុល្លារ ឬកើនឡើង ១០ភាគរយ (បន្ថែមចំនួន ៥២ពាន់លានដុល្លារ) ជាមួយនឹង ២ពាន់លានដុល្លារសម្រាប់កម្មវិធីការពារជាតិ ក្រៅក្រសួងការពារជាតិ។ បន្ថែមពីលើនេះលោក ត្រាំ ក៏បានស្នើការបន្ថែមកញ្ចប់ថវិកា ៣០ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ នៅក្នុងឆ្នាំសារពើពន្ធ២០១៧ ព្រមទំាង១.៥ពាន់លានដុល្លារក្នុងការ សាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ។
គួរបញ្ជាក់ថាកញ្ចប់ថវិកាជាតិរបស់លោក ដូណាល់ ត្រាំ ក៏គ្រោងនឹងជំរុញឱ្យសភាអាមេរិក ទម្លាក់កញ្ចប់ថវិកា ៣.១ពាន់លានដុល្លារក្នុងរយៈពេល២ឆ្នាំ ទុកដើម្បីសាងសង់ជញ្ជាំងព្រំដែនភាគខាងត្បូងជាមួយម៉ិចស៊ីកូផងដែរ៕