(ហាណូយ)៖ រដ្ឋាភិបាលទីក្រុងហាណូយបានចោទប្រកាន់ប្រទេសអូស្រ្តាលីថា បានបង្កការខូចខាតធ្ងន់ធ្ងនរដល់អាជីវករចិញ្ចឹមសត្វបង្គា ក៏ដូចជាអ្នកនាំចេញគ្រឿងសមុទ្រប្រភេទនេះរបស់ប្រទេសវៀតណាម ហើយបានស្នើដល់រដ្ឋាភិបាលទីក្រុងកង់បេរ៉ាឲ្យគិតគូរពិចាណាឡើងវិញម្តងទៀតអំពីការដាក់បំរាមហាមឃាត់ទៅលើការនាំចូលបង្គាពីវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមអនុរដ្ឋមន្រ្តីពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាមលោក Tran Quoc Khanh ការដាក់បំរាមខាងលើនេះបានជះផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់ឧស្សាហកម្មវារីវប្បកម្មនៃប្រទេសរបស់លោក។ លោក Khanh បានលើកឡើងថា «នៅក្នុងទស្សនៈរបស់យើងផ្ទាល់ បំរាមនេះមិនសមស្របទៅនឹងការអនុវត្តន៍ទូទៅក៏ដូចជាឆន្ទៈ នៃការថែរក្សាព្រមទាំងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អសព្វថ្ងៃនេះរវាងវៀតណាម និងអូស្រ្តាលីនោះឡើយ»។ លោក Khanh បានបន្ថែមទៀតថា អ្នកនាំចេញមួយចំនួនរបស់វៀតណាមដែលផ្តោតសំខាន់ទៅលើទីផ្សារបង្គាក្នុងប្រទេសអូស្រ្តាលី កំពុងប្រឈមមុខជាមួយហានិភ័យធ្ងន់ធ្ងរនៃការក្ស័យធនដោយសារតែបំរាមនាំចូលបង្គានេះ។
អាជ្ញាធរអូស្រ្តាលីកំពុងបន្តធ្វើការស៊ើបអង្កេតថា តើជំងឺអុចសបានរីករាតត្បាតនៅក្នុងប្រទេសអូស្រ្តាលីដោយរបៀបណា ខណៈអាជីវករចិញ្ចឹមបង្គារបស់អូស្រា្តលីបានទម្លាក់កំហុសទៅលើផលិតផលបង្គាដែលនាំចូលពីតំបន់អាស៊ី។ ជុំវិញបញ្ហានេះលោក Tran Quoc Khanh បានស្នើថាវៀតណាមគួរតែទទួលបានការអនុញ្ញាតដើម្បីបន្តការនាំចេញបង្គាឆៅទៅកាន់អូស្រ្តាលី រហូតទាល់តែមានភស្តុតាងជាក់ស្តែងដែលបញ្ជាក់ថា សត្វបង្គាដែលត្រូវបាននាំចូលគឺជាប្រភពនៃជំងឺរីករាលដាលនេះ។
គួរបញ្ជាក់ថាក្រៅពីនេះវៀតណាម និងអូស្រ្តាលីក៏ធ្លាប់មានការខ្វែងគំនិតគ្នាជុំវិញការធ្វើពាណិជ្ជកម្មផ្នែកកសិកម្មទ្វេភាគីផងដែរ។ តួយ៉ាងកាលពីឆ្នាំ២០១៥ ប្រទេសវៀតណាមបានដាក់បំរាមជាបណ្តោះអាសន្ន ទៅលើការនាំចូលផ្លែឈើពីប្រទេសអូស្រ្តាលី បន្ទាប់ពីមានជម្លោះរឿងសត្វល្អិតចង្រៃដែលបំផ្លាញផ្លែឈើ៕