(សេអ៊ូល)៖ កូរ៉េខាងជើងទំនងជាបានបាញ់សាកល្បងមីស៊ីលចំនួន ០៥គ្រាប់ឯណោះ ធ្លាក់ចូលក្នុងសមុទ្រជប៉ុនកាលពីថ្ងៃទី០៦ ខែមីនា ខណៈការធ្វើតេស្ដមីស៊ីលគ្រាប់ទី០៥ក្នុងថ្ងៃតែមួយ ដែលវាហាក់ដូចជាបានទទួលបរាជ័យផងដែរ សម្រាប់គ្រាប់ចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុហាប់ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃទី០៧ ខែមីនាកន្លងទៅ កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោង ០៤គ្រាប់ឆ្ពោះទៅកាន់តំបន់សមុទ្រជប៉ុន។ ក៏ប៉ុន្តែមួយថ្ងៃបន្ទាប់ពីការប្រកាសនេះ អ្នកនាំពាក្យកងទ័ពជើងទឹកអាមេរិក លោក Jeff Davis បានប្រាប់អ្នកសារព័ត៌មានថា អាចមានគ្រាប់មីស៊ីលលើសពី ០៤គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បង។ ជាងនេះទៅទៀតយោធា អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ក៏បានអះអាងដូចគ្នាដែរថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដសាកល្បងមីស៊ីលផ្លោងរយៈចំងាយមធ្យម ០៤គ្រាប់ តែវាអាចមានគ្រាប់មីស៊ីលគ្រាប់ទី០៥ ដែលត្រូវបាន KCNA លាក់បាំង។
គួរបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមីនាកន្លងទៅ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ០៤គ្រាប់ ដើម្បីជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ គ្រាប់មីស៊ីលទាំង ០៤គ្រាប់នេះអាចជាប្រភេទមីស៊ីល Scud-ER ក្រោមកំណែប្រែថ្មីនៃមីស៊ីល Scud រយៈចំងាយមធ្យមដែលអាចហោះបានចំងាយ ១,០០០គីឡូម៉ែត្រ និងរយៈកំពស់ ២៦០គីឡូម៉ែត្រ មុនធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន៕