(វ៉ាស៊ីនតោន)៖ សំណើថវិកាជាតិឆ្នាំ២០១៨ ដែលត្រូវបានដាក់ចេញដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងពីការលុបចោលបេសកកម្មកែប្រែទិសដៅអាចម៍ផ្កាយ (Asteroid Redirect Mission «ARM») របស់ទីភ្នាក់ងារអវកាសណាសា (NASA) ដែលជាកិច្ចផ្តួចផ្តើមមួយដើម្បីកំណត់សញ្ញា និងចាប់យកក៏ដូចជាបង្វែរគោលដៅរបស់ដុំអាចម៍ផ្កាយណាមួយ ទៅកាន់គន្លងដែលមានស្ថិរភាពរបស់ឋានព្រះច័ន្ទវិញ ដើម្បីទុកឲ្យក្រុមអវកាសយានិកធ្វើការសិក្សាស្រាវជ្រាវនាពេលអនាគត និងការពារសុវត្ថិភាពផែនដី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
«ដើម្បីជួយសម្រួលដល់ចំណាយលើការអភិវឌ្ឍ ដែលកំពុងកើនឡើងថវិកាឆ្នាំ២០១៨នឹងលុបចោលនូវបេសកកម្ម ARM ដែលមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក» នេះជាការលើកឡើងរបស់ការិយាល័យគ្រប់គ្រង និងថវិកា (OMB) នៃសេតវិមានអាមេរិកនៅក្នុងសេចក្តីសង្ខេបនៃសំណើថវិកាជាតិ ដែលនឹងឧបត្ថមដល់ទីភ្នាក់ងារអវកាសអាមេរិក NASA នូវទឹកប្រាក់ចំនួន ១៩.១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៨។
ជាមួយគ្នានេះដែរនៅក្រោមគំរោងថវិកាជាតិរបស់លោក ដូណាល់ ត្រាំ បេសកកម្មដែលត្រូវការចំណាយលុយរាប់ពាន់លានដុល្លារមួយផ្សេងទៀត ដើម្បីចុះចតយានស្រាវជ្រាវនៅលើព្រះច័ន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ ដែលកំពុងស្ថិតនៅក្នុងការអភិវឌ្ឍគោលការណ៍នៅឡើយនោះ ក៏នឹងមិនទទួលបានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលផងដែរ តែផ្ទុយទៅវិញបេសកកម្មក្នុងការហោះឆ្វែលព្រះច័ន្ទទឹកកកមួយនេះជាច្រើនលើកច្រើនសា ដែលត្រូវឲ្យឈ្មោះជាផ្លូវការថា Europa Clipper ដោយ NASA កាលពីសប្តាហ៍មុននោះ បានឆ្លងផុតគំរោងនេះ។ លើសពីនេះសំណើថវិការបស់លោក ត្រាំ នឹងលុបចោលនូវបេសកកម្មវិទ្យាសាស្រ្តផែនដីចំនួនបួន ព្រមទាំងកាត់បន្ថយការឧបត្ថមសម្រាប់ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តផែនដីទៀតផង។
គួរបញ្ជាក់ថាយោងតាម OMB ការផ្លាស់ប្តូរទាំងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងថែរក្សាតុល្យភាព នៃការវិយោគទៅលើវិទ្យាសាស្រ្តរបស់អង្គការ NASA ក៏ដូចជាភាពបត់បែនដើម្បីចេញបេសកកម្មនានា ដែលត្រូវបានកំណត់ថា មានសារៈសំខាន់ខ្លាំងជាងគេដោយសហគមន៍វិទ្យាសាស្រ្ត។ យ៉ាងណាមិញទោះបីជាលោកប្រធានាធិបតីអាមេរិក បានដាក់សំណើគំរោងថវិកាជាតិក៏ដោយ ការសម្រេចចិត្តចុងក្រោយគឺស្ថិតនៅលើសភាមួយតំណាក់កាលទៀត៕