(វ៉ាស៊ីនតោន)៖ បន្ទាប់ពីភាពចម្រូងចម្រាសអស់រយៈពេលជាច្រើនសប្ដាហ៍ នៅទីបំផុតប្រធានគណកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក បានបញ្ជាក់ហើយថា គ្មានភស្ដុតាងណាមួយបង្ហាញថា មានការលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទនៅឯអាគារពាណិជ្ជកម្ម Trump Tower ដូចការចោទរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ លើលោក បារ៉ាក់ អូបាម៉ា នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ ប្រធានគណកម្មាធិការស៊ើបអង្កេតព្រឹទ្ធសភាអាមេរិក នៃគណបក្សសាធារណរដ្ឋ លោក រីឆាត ប៊ឺ (Richard Burr) បាន និយាយថា «ផ្អែកលើព័ត៌មានដែលយើងទទួលបានយើងសូមបញ្ជាក់ថា គ្មានភស្ដុតាងណាមួយបង្ហាញថា អាគារពាណិជ្ជកម្ម Trump Tower បានកា្លយ ជាកម្មវត្ថុនៃការតាមដាន ឬលួចស្ដាប់របស់អតីតរដ្ឋាភិបាលអាមេរិក (លោក បារ៉ាក់ អូបាម៉ា) នោះទេ ទំាងនៅមុន និងនៅក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦»។
គួររំលឹកថាកាលពីថ្ងៃទី០៤ ខែមីនាកន្លងទៅ លោក ដូណាល់ ត្រាំ បានសរសេរដោយគ្មានបង្ហាញភស្ដុតាង នៅលើ Twitter ថារដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យគេលួចស្ដាប់លោកនិយាយទូរស័ព្ទនៅអាគារ Trump Tower ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ។ ក៏ប៉ុន្តែលោក អូបាម៉ា បានច្រានចោលការចោទប្រកាន់នេះ រីឯនាយក FBI លោក ជែម ខូមី (James Comey) នឹងត្រូវបានសភាសាកសួរពីបញ្ហានេះ នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ៕