(តូក្យូ)៖ រយៈពេលជាង២០ឆ្នាំមកហើយ ដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត សំដៅទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើងបានបរាជ័យ និងចាំបាច់បំផុតត្រូវការយុទ្ធសាស្ត្រថ្មីមួយ រីឯទីក្រុងព្យុងយ៉ាងមិនគួរខ្លាចសហរដ្ឋអាមេរិក និងប្រទេសជិតខាងរបស់ខ្លួនឡើយ។ នេះបើតាមសម្តីរដ្ឋមន្រ្តីការបរទេសអាមេរិក ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។
ការថ្លែងបែបនេះរបស់លោក រិច ធីល្លឺសុន ធ្វើឡើងនៅក្នុងឱកាសជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនក្នុងទីក្រុងតូក្យូ កាលពីថ្ងៃព្រហស្បតិ៍ ដោយលោកថែមទំាងបានសង្កត់ធ្ងន់ដែរថា ចិនគួរតែប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធលើកូរ៉េខាងជើង ឱ្យឈប់បង្ករឿងនៅក្នុងតំបន់ រីឯ ទីក្រុងវ៉ាស៊ីនតោន នឹងឈរនៅពីក្រោយកូរ៉េខាងត្បូង និងជប៉ុនជានិច្ចប្រឈមមុខនឹងការគំរាមកំហែងពីទីក្រុងព្យុងយ៉ាង។ លោក ធីល្លឺសុន បានលើក ឡើងដូច្នេះថា «ខ្ញុំគិតថាវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការទទួលស្គាល់ថា យន្ដការការទូត និងកិច្ចខិតខំប្រឹងប្រែងដទៃទៀត ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរកូរ៉េខាងជើង អស់រយៈពេលជាង២០ឆ្នាំមកនេះបានបរាជ័យ។ ដូច្នេះចំាបាច់យើងត្រូវតែរៀបចំយុទ្ធសាស្ត្រថ្មី។ទោះបីយ៉ាងណាក៏ដោយរបបដឹកនាំទីក្រុងព្យុងយ៉ាង និងប្រជាជនកូរ៉េខាងជើងមិនគួរខ្លាចសហរដ្ឋអាមេរិក ឬប្រទេសជិតខាងរបស់ខ្លួននៅក្នុងតំបន់នោះទេ ខណៈពួកគេកំពុងស្វែងរកគោលដៅតែមួយគត់នោះគឺរស់នៅដោយសន្តិភាពជាមួយកូរ៉េខាងជើង»។
គួរបញ្ជាក់ថាដំណើរទស្សនកិច្ចជាលើកដំបូងនៅអាស៊ី ក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន ធ្វើឡើងនៅចំពេលដែលស្ថានភាពនៅលើឧបទ្វីបកូរ៉េ កំពុងស្ថិតនៅមាត់ជ្រោះនៃជម្លោះបន្ទាប់ពីកូរ៉េខាងជើង ព្រមានបើកការវាយប្រហារសងសឹកប្រឆាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ហើយមិនតែប៉ុណ្ណោះសូម្បីតែចិន ក៏កំពុងចាត់វិធានការឆ្លើយតបជាបណ្ដើរៗ ទៅនឹងគំរោងដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD នៅដីកូរ៉េខាងត្បូង៕