(តូត្យូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) បានសង្កត់ធន់ថា ការធ្វើការងាររួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនពិត ជាមានសារៈសំខាន់ជាទីបំផុត ដើម្បីទប់ទល់ក៏ដូចជាប្រឈមមុខនឹងការគំរាមកំហែងពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
ការកត់សម្គាល់របស់លោក Rex Tillerson ធ្វើឡើងនៅក្នុងឱកាសដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងតូក្យូ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។ លោក Tillerson នៅក្នុងជំនួបជាមួយសមាភាគីជប៉ុន លោក ហ្វូមីញ៉ូ គីស៊ីដា បានលើកឡើងដូច្នេះថា៖ «កិច្ចសហប្រតិបត្តិការត្រីភាគីពិតជមានសារៈសំខាន់ក្នុង ការដោះស្រាយបញ្ហាកូរ៉េខាងជើង»។ ជាងនេះទៅទៀត ពាក់ព័ន្ធនឹងការផ្គើនបាញ់សាកល្បងមីស៊ីល របស់ទីក្រុងព្យុងយ៉ាង អតីត CEO ក្រុមហ៊ុនប្រេងរូបនេះ ក៏ត្រូវបានគេរំពឹងដែរថា នឹងដាក់សម្ពាធលើទីក្រុងប៉េកាំងឱ្យប្រើឥទ្ធិពលរបស់ខ្លួនដាក់សម្ពាធបន្តលើកូរ៉េខាងជើងឱ្យឈប់បង្ករឿងនៅក្នុងតំបន់ ខណៈកូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែកំពុងរង់ចាំមើលថា តើទីក្រុងវ៉ាស៊ីនតោននឹងដោះស្រាយជាមួយចិនយ៉ាងដូចម្ដេច? ស្របពេលមហាយក្សអាស៊ីមួយនេះ កំពុងលេចត្រដែតកាន់តែខ្លាំងនៅលើឆាកអន្តរជាតិ ទំាងវិស័យសេដ្ឋកិច្ច និងយោធា។
គួរបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោក Rex Tillerson មកកាន់ទ្វីបអាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក ហើយបើតាមគំរោងបន្ទាប់ពីជប៉ុន លោកនឹងបន្តបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង និងចិន ក្នុងសប្ដាហ៍នេះ៕