(គូឡាឡាំពួ)៖ ប៉ូលិសអន្តរជាតិអាំងទែប៉ូល (Interpol) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចចិត្តចេញសេចក្ដីប្រកាសពណ៌ក្រហមហើយ ដើម្បីតាមស្វែង រកជនជាតិកូរ៉េខាងជើង០៤នាក់ ដែលជាប់សង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់លោក គីម ជុងអ៊ុន នៅម៉ាឡេស៊ី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
យោងតាមប៉ូលិសអាំងទែប៉ូល សេចក្ដីប្រកាសពណ៌ក្រហម មានគោលបំណងតាមរកទីតាំង ក៏ដូចជាឃាត់ខ្លួនជនសង្ស័យទំាង ០៤នាក់ខាងលើ តាមរយៈការធ្វើបត្យាប័ន និងការចាត់វិធានការតាមផ្លូវច្បាប់ជាច្រើនទៀត។ លោក គីម ជុងណំា ត្រូវបានឃាតករជាស្ត្រីពីរនាក់លួចធ្វើឃាតដោយប្រើសារ ធាតុគីមីពុលVX នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។ នេះបើតាមប៉ូលិសម៉ាឡេស៊ី។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីម្ដងទៀតថាបុរសកាន់លិខិតឆ្លងដែនឈ្មោះ គីម ចុល គឺពិតជាលោកគីម ជុងណាំ ហើយដែលការអះអាងបែបនេះធ្វើឡើងផ្អែកលើ DNA កូនប្រុសរបស់លោក គីម ជុងណាំ៕