(សេអ៊ូល)៖ រ៉ាដាប្រភេទ «X-Band» ដែលជាបរិក្ខាផ្សំស្នូលសំខាន់ជាងគេបំផុតនៃប្រព័ន្ធខែលការពារមីស៊ីលកម្រិតខ្ពស់ THAAD របស់សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនមកដល់ទឹកដីនៃប្រទេសកូរ៉េខាងត្បូងនាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
មន្រ្តីយោធាកូរ៉េខាងត្បូងដែលបានសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា ប្រព័ន្ធរ៉ាដា X-Band នឹងមិនមកដល់កូរ៉េខាងត្បូងនៅថ្ងៃនេះឡើយ ប៉ុន្តែលោកបានគូសបញ្ជាក់ថា វានឹងត្រូវបញ្ជូនមកកាន់ឧបទី្វបកូរ៉េនាពេលឆាប់ៗ ហើយដឹកទៅកាន់មូលដ្ឋានយោធាមួយកន្លែង នៃកងកម្លាំងសហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ (USFK) បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានថា ប្រព័ន្ធរ៉ាដាម៉ូដែល AN-TPY នេះនឹងមកដល់មូលដ្ឋានទ័ពអាកាស Osan ដែលស្ថិតនៅប្រមាណ ៦០គីឡូម៉ែត្រភាគខាងត្បូងរដ្ឋធានីសេអ៊ូល នាព្រឹកថ្ងៃព្រហស្បតិ៍នេះ។
យោងតាមអ្នកវិភាគស្ថានការណ៍ជាច្រើនរូប ប្រព័ន្ធ THAAD គឺជាកត្តាដ៏សំខាន់មួយដើម្បីប្រែក្លាយកូរ៉េខាងត្បូងទៅជាផ្នែកមួយនៃបណ្តាញខែលការពារមីស៊ីល របស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីឦសាន ដើម្បីគ្របដណ្តប់លើឥទ្ធិពលរបស់ចិន និងរុស្ស៊ី ហើយប្រទេសទាំងពីរនេះ ក៏បានសម្តែងការប្រឆាំងដាច់ខាតផងដែរចំពោះការបំពាក់ប្រព័ន្ធ THAAD នៅឧបទ្វីបកូរ៉េ ពីព្រោះថាវានឹងបំបែកតុល្យភាពយុទ្ធសាស្រ្តហើយគំរាមកំហែងសន្តិសុខជាតិរបស់ពួកគេ។
គួរបញ្ជាក់ថារលកសញ្ញារ៉ាដាប្រភេទ X-Band របស់ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD អាចជ្រៀតចូលយ៉ាងជ្រៅទៅលើទឹកដីរបស់ចិន និងរុស្ស៊ី ហើយខណៈដែលទីក្រុងម៉ូស្គូដូចជាមានភាពស្ងត់ស្ងាត់បន្តិចនោះ ទីក្រុងប៉េកាំងបានប្រកាសថា នឹងសម្រេចរៀបចំយុទ្ធសាស្រ្តដើម្បីទប់ទល់ជាមួយរលកសញ្ញាដ៏មានឥទ្ធិពលនេះផងដែរ៕