(សេអ៊ូល)៖ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Lim Sung-Nam នៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា ទង្វើសងសឹករបស់ចិនប្រឆាំងនឹងកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល ក្នុងការពង្រាយប្រព័ន្ធ THAAD គឺដោយសារតែកង្វះខាតនៃភាពយល់ដឹង អំពីប្រព័ន្ធខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
ឆ្លើយតបទៅនឹងសំណួររបស់សមាជិកសភា លោក Lim បានថ្លែងថា រដ្ឋាភិបាលកូរ៉េខាងត្បូងធ្លាប់បានពន្យល់ក៏ដូចជាបកស្រាយបញ្ជាក់យ៉ាងច្បាស់លាស់រួចរាល់អស់ហើយ ដល់ទីក្រុងប៉េកាំងថា ប្រព័ន្ធ THADD គឺត្រូវបំពាក់ដើម្បីតែធ្វើជាខែលការពារសម្រាប់ទប់ទល់នឹងការគំរាមកំហែង ដោយមីស៊ីលផ្លោង ព្រមទាំងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប៉ុណ្ណោះ ក៏ប៉ុន្តែរដ្ឋាភិបាលចិនខ្លួនឯងផ្ទាល់ពុំបានយល់ច្បាស់ពីចំណុចនេះឡើយ។ ម៉្យាងវិញទៀតរដ្ឋមន្រ្តីការពារជាតិកូរ៉េខាងត្បូង ក៏បានលើកឡើងដែរថា ក្តីព្រួយបារម្ភរបស់ចិនអំពីរលកសញ្ញារ៉ាដានៃប្រព័ន្ធ THAAD គឺមិនមែនមូលដ្ឋានជាក់ស្តែងនោះឡើយ។
ដោយឡែកបណ្តាក្រុមហ៊ុនជាច្រើនរបស់កូរ៉េខាងត្បូងមានអារម្មណ៍ថា ពួកគេកំពុងទទួលរងការសងសឹកពីសំណាក់ប្រទេសចិន ពីព្រោះការជំទាស់ដាច់ខាតរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពោះការដំឡើងប្រព័ន្ធខែលការពារមីស៊ីលនេះ។ ចិនយល់ថារលកសញ្ញារ៉ាដាដ៏មានឥទ្ធិពលរបស់ប្រព័ន្ធ THAAD គឺជាការគំរាមកំហែងធ្ងន់ធ្ងរមួយដល់សន្តិសុខជាតិរបស់ខ្លួន។
យ៉ាងណាមិញយោងតាមអ្នកវិភាគស្ថានការណ៍ជាច្រើនរូប ប្រព័ន្ធ THAAD គឺជាកត្តាដ៏សំខាន់មួយដើម្បីប្រែក្លាយកូរ៉េខាងត្បូងទៅជាផ្នែកមួយនៃបណ្តាញខែលការពារមីស៊ីលរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីឦសាន ដើម្បីគ្របដណ្តប់លើឥទ្ធិពលរបស់ចិន និងរុស្ស៊ី ហើយប្រទេសទាំងពីនេះ ក៏បានសម្តែងការប្រឆាំងដាច់ខាតផងដែរ ចំពោះការបំពាក់ប្រព័ន្ធ THAAD នៅឧបទ្វីបកូរ៉េ ពីព្រោះថាវានឹងបំបែកតុល្យភាពយុទ្ធសាស្រ្ត ហើយគំរាមកំហែងសន្តិសុខជាតិរបស់ពួកគេ។
គួរបញ្ជាក់ថារលកសញ្ញារ៉ាដាប្រភេទ X-Band របស់ប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD អាចជ្រៀតចូលយ៉ាងជ្រៅទៅលើទឹកដីរបស់ចិន និងរុស្ស៊ី ហើយខណៈដែលទីក្រុងម៉ូស្គូដូចជាមានភាពស្ងត់ស្ងាត់ ទីក្រុងប៉េកាំងបានប្រកាសថានឹងសម្រេចរៀបចំយុទ្ធសាស្រ្តដើម្បីទប់ទល់ជាមួយរលកសញ្ញាដ៏មានឥទ្ធិពលនេះផងដែរ៕