(ហាណូយ)៖ មន្ត្រីគយវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយ បានរឹបអូសកុយរមាសចំនួន ១០០គីឡូក្រាមដែលត្រូវបានគេសង្ស័យថា ត្រូវបានឈ្មួញជួញដូរមកពីតំបន់អាហ្រ្វិក។ នេះបើតាមសារព័ត៌មាន Tuoi Tre ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
ប្រភពដដែលបានឱ្យដឹងទៀតថា កុយរមាសខាងលើត្រូវបានគេរកឃើញនៅក្នុងវ៉ាលីចំនួនពីរ ដោយក្នុងនោះមួយមានទម្ងន់ ៥៧.១គីឡូក្រាម និងវ៉ាលីមួយទៀតទម្ងន់ ៦០.៨៤គីឡូក្រាម នៅលើជើងហោះហើរពីទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា មកកាន់ទីក្រុងហាណូយ។ ចំណែកឯ អាជ្ញាធរវៀតណាមកំពុងបើកការស៊ើបអង្កេតហើយជុំវិញទង្វើខុសច្បាប់នេះ។
គួររំលឹកថាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីគយវៀតណាមនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai ក៏ធ្លាប់បានរឹបអូសផងដែរនូវ កុយរមាសមានទម្ងន់ ៥០គីឡូក្រាម មកពីប្រទេសកេនយ៉ា ហើយបើគិតជាទឹកប្រាក់ក្នុងទីផ្សារងងឹតស្មើនឹងជាង ៨៧៩,០៩៧ដុល្លារអាមេរិក៕