(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសមីយ៉ាន់ម៉ា និងថៃចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមីនានេះ។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Charles Jose បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯវិមានប្រធានាធិបតីថា លោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាពីថ្ងៃទី១៩ដល់ ថ្ងៃទី២០ ហើយព្រះរាជាណាចក្រថៃពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែមីនា។ «ដំណើរទស្សនកិច្ចទាំងនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចណែនាំខ្លួនរបស់លោក ឌូតឺតេ ទៅកាន់បណ្តាប្រជាជាតិនៅតំបន់អាស៊ីអាគ្នេយ៍»។ នេះបើតាមសម្តីរបស់លោក Jose ដែលបានបន្ថែមទៀតថា ប្រទេសទាំងពីរគឺជាប្រជាជាតិនៅសល់ចុងក្រោយគេបង្អស់ ដែលលោកប្រធានាធិបតីហ្វីលីពីនពុំទាន់បានទៅបំពេញទស្សនកិច្ចនៅក្នុងតំបន់ ចាប់តាំងពីរូបលោកបានឡើងកាន់តំណែងកាលពីខែមិថុនា ឆ្នាំ២០១៦ ដែលវាជាទម្លាប់សម្រាប់ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានដែលទើបឡើងកាន់តំណែងថ្មី។
នៅក្នុងប្រទេសមីយ៉ាន់ម៉ាលោក ឌូតឺតេ នឹងចូលជួបពិភាក្សាការងារជាមួយប្រធានាធិបតីលោក U Htin Kyaw និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមីយ៉ាន់ម៉ាដទៃៗទៀត រួមទាំងប្រធានក្រុមប្រឹក្សារដ្ឋលោកស្រី អ៊ុង សាន ស៊ូជី និងអគ្គមេបញ្ជាការនៃសហភាពមីយ៉ាន់ម៉ា លោក Min Aung Hlaing ផងដែរ។ ហ្វីលីពីន និងមីយ៉ាន់ម៉ាបានបង្កើតទំនាក់ទំនងការទូតវាងគ្នា និងគ្នាកាលពីឆ្នាំ១៩៥៦ ហើយមីយ៉ាន់ម៉ាសព្វថ្ងៃ គឺជាកន្លែងជ្រកកោនរបស់ជនជាតិហ្វីលីពីនប្រមាណ ១,៨០០នាក់ ដែលកំពុងប្រកបរបរចិញ្ចឹមជីវិតនៅទីនោះ។
ដោយឡែកនៅព្រះរាជាណាចក្រថៃវិញ យោងតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ គ្រោងនឹងធ្វើការជជែកពិភាក្សអំពីបញ្ហាជាច្រើន ពាក់ព័ន្ធនឹងប្រទេសទាំងពីរជាមួយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលរួមមានប្រធានបទដូចជាកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល ការអប់រំ និងការការពារជាតិ។
លោក Charles Jose បញ្ជាក់ដូច្នេះថា «លោក ឌូតឺតេ នឹងចែករំលែកជាមួយមន្រ្តីរដ្ឋាភិបាលថៃនូវព័ត៌មានស្តីអំពីការអភិវឌ្ឍវិស័យជាច្រើននៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងអាទិភាពចម្បងក៏ដូចជាកម្មវិធីរបស់ហ្វីលីពីន សម្រាប់ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១៧នេះថែមទៀតផង»។ បន្ថែមពីនេះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ត្រូវបានគេរំពឹងដែរថា នឹងចូលជួបសំណេះសំណាលជាមួយពលរដ្ឋហ្វីលីពីនប្រមាណ ១៦,០០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។
គួរបញ្ជាក់ថា យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលខាងលើដដែលនេះ ទំនាក់ទំនងហ្វីលីពីន-ថៃនឹងឈានដល់អាយុ៦៨ឆ្នាំនៅខែមិថុនាខាងមុខ ហើយតាំងពីដើមរៀងមកមិត្តភាពនេះតែងតែមានភាពរឹងមាំ និងរស់រវើកជានិច្ច ជាមួយការផ្លាស់ប្តូរបទពិសោធន៍ និងយុទ្ធសាស្រ្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវបានធ្វើឡើងជាប្រចាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងជាលើកដំបូងកាលពីឆ្នាំ១៩៤៩៕