(ម៉ានីល)៖ អនុប្រធានាធិបតីហ្វីលីពីនបានចេញមុខព្រមាន ក៏ដូចជារិះគន់លើសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ ដោយថែមទំាងសង្កត់ធ្ងន់ដែរថា «គ្រាប់កាំភ្លើងតែមួយមុខ» មិនអាចដោះស្រាយបញ្ហាគ្រឿងញៀននៅហ្វីលីពីនបាននោះទេ។ នេះបើតាមការដកស្រង់ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
ការលើកឡើងខាងលើរបស់លោកស្រី Leni Robredo ធ្វើឡើងនៅក្នុងខ្សែវីដេអូនៃសុន្ទរថាមួយ ត្រូវបានបង្ហោះការិយាល័យរបស់លោកស្រី កាលពីថ្ងៃពុធ។ លោកស្រី Robredo នៅក្នុងសុន្ទរកថានោះដែរដែលនឹងត្រូវថ្លែងនៅថ្ងៃព្រហស្បតិ៍នេះ ទៅកាន់វេទិការស្ដីពីការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ រៀបចំឡើងក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានរិះគន់យ៉ាងខ្លាំងដល់សង្រ្គាមប្រយុទ្ធប្រឆាំងគ្រឿងញៀន របស់លោក ឌូតើតេ ដោយបានបញ្ជាក់ថា ការព្រួយបារម្ភជាច្រើនទាក់ទិននឹងសង្រ្គាមគ្រឿងញៀនរបស់លោក ឌូតើតេ ក្នុងនោះរួមមានទំាងការរំលោភពាន ការគំរាមពីសំណាក់ប៉ូលិសប្រឆាំងនឹង ក្រុមគ្រួសារសាច់ញាតិនៃជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន នៅក្នុងករណីដែលគោលដៅពិតប្រាកដមិនត្រូវបានប៉ូលិសរកឃើញ។
គួរបញ្ជាក់ថាបើតាមអនុប្រធានាធិបតីហ្វីលីពីន លោកស្រី Leni Robredo ប្រជាជនហ្វីលីពីន គួរតែហ៊ានតស៊ូមិត ប្រឆាំងនឹងការរំលោភបំពានលើសិទ្ធិរបស់ខ្លួន៕