(គូឡាឡាំពួ)៖ ក្រុមគ្រួសារលោក គីម ជុងណាំ បានផ្តល់សិទ្ធិអនុញ្ញាតឲ្យរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ជាអ្នកសម្រេចថា តើនឹងត្រូវចាត់ចែងសាកសពរបស់លោក គីម បន្តទៀតយ៉ាងណានោះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្រ្តីប៉ូលិសម៉ាឡេស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានចិន CGTN នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
នាថ្ងៃពុធម្សិលមិញនេះឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ គីម ចុល ដែលត្រូវគេធ្វើឃាតនៅម៉ាឡេស៊ីនោះ ត្រូវបានអាជ្ញាធរបញ្ជាក់អត្តសញ្ញាណជាផ្លូវការហើយថា ពិតជាលោក គីម ជុងណាំ បងប្រុសម្ដាយទីទៃរបស់មេនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ប្រាកដមែនដោយផ្អែកលើ DNA នៃកូនប្រុសរបស់លោក ដែលគេជឿជាក់ថាកំពុងរស់នៅកន្លែងដ៏សម្ងាត់មួយក្នុងទីក្រុងម៉ាកាវ ប្រទេសចិន។ ជុំវិញព័ត៌មានថ្មីចុងក្រោយនេះ មិនទាន់មានប្រតិកម្ម ឬការបកស្រាយណាមួយពីកូរ៉េខាងជើងនោះឡើយ ខណៈសង្គ្រាមការទូតរវាងប្រទេសទាំងពីរហាក់មានភាពស្ងប់ស្ងាត់បន្តិចហើយ។
គួរបញ្ជាក់ថា យោងតាមប៉ូលិសម៉ាឡេស៊ី លោក គីម ជុងណាំ ត្រូវបានឃាតករស្រីពីរនាក់បំពុលស្លាប់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដោយប្រើប្រាស់សារធាតុគីមពុល VX៕