(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នឹងអញ្ជើញទៅបំពេញដំណើរទស្សនកិច្ចផ្លូវការមួយនៅឯព្រះរាជាណាចក្រថៃនាថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆាប់ៗខាងមុខនេះ។ នេះបើតាមអះអាងពីរដ្ឋាភិបាលហ្វីលីពីន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
នៅថ្ងៃព្រហស្បតិ៍នេះក្រសួងការបរទេសហ្វីលីពីនបានចេញសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតឺតេ គ្រោងនឹងធ្វើការជជែកពិភាក្សាអំពីបញ្ហាជាច្រើនពាក់ព័ន្ធនឹងប្រទេសទាំងពីរជាមួយនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា ដែលរួមមានប្រធានបទដូចជាកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច កសិកម្ម ថាមពល ការអប់រំ និងការការពារជាតិ។
សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ដូច្នេះថា «លោក ឌូតឺតេ នឹងចែករំលែកជាមួយមន្រ្តីរដ្ឋាភិបាលថៃនូវព័ត៌មានស្តីអំពីការអភិវឌ្ឍលើវិស័យជាច្រើននៅក្នុងប្រទេសហ្វីលីពីន ព្រមទាំងអាទិភាពចម្បងក៏ដូចជាកម្មវិធីរបស់ហ្វីលីពីន សម្រាប់ភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានឆ្នាំ២០១៧នេះថែមទៀតផង»។ បន្ថែមពីនេះលោក រ៉ូឌ្រីហ្គោ ឌូតឺតេ ក៏ត្រូវបានគេរំពឹងដែរថានឹងចូលជួបសំណេះសំណាលជាមួយពលរដ្ឋហ្វីលីពីនប្រមាណ ១៦,០០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃផងដែរ។
គួរបញ្ជាក់ថាយោងតាមសេចក្តីថ្លែងការណ៍ដដែលនេះ ទំនាក់ទំនងហ្វីលីពីន-ថៃនឹងឈានដល់អាយុ៦៨ឆ្នាំនៅខែមិថុនាខាងមុខ ហើយតាំងពីដើមរៀងមកមិត្តភាពនេះតែងតែមានភាពរឹងមាំ និងរស់រវើកជានិច្ច ជាមួយការផ្លាស់ប្តូរបទពិសោធន៍ និងយុទ្ធសាស្រ្តរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវបានធ្វើឡើងជាប្រចាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងជាលើកដំបូងកាលពីឆ្នាំ១៩៤៩៕