(សេអ៊ូល)៖ កងកម្លាំងប្រតិបត្តិការពិសេសរបស់អាមេរិក ដែលបានសម្លាប់មេភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Oussama Ben Laden) នឹងចូលរួមក្នុងការដឹកនាំសមយុទ្ធយោធាទ្រង់ទ្រាយប្រចាំឆ្នាំជាមួយកូរ៉េខាងត្បូង ខណៈកូរ៉េខាងជើង គំរាមថានឹងបើកការវាយប្រហារសងសឹកដោយគ្មានត្រាប្រណៃ បើសិនជាការធ្វើសមយុទ្ធ យោធានេះប៉ះពាល់ដល់ដែនអធិបតេយ្យភាពរបស់ខ្លួនសូម្បីតែបន្តិច។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០១៧។
យោងតាមមន្ត្រីកូរ៉េខាងត្បូងម្នាក់ថ្លែងប្រាប់យ៉ុនហាប់ កាលពីថ្ងៃទី១៣ ខែមីនា កន្លងទៅថ្មីៗនេះថាកងកម្លាំងពិសេសអាមេរិក SEAL Team Six នឹងចូលរួមក្នុងសមយុទ្ធយោធា Foal Eagle និង Key Resolve ដើម្បីធ្វើសមយុទ្ធដឹកនាំបេសកកម្ម ទំលុះខ្សែត្រៀមចូលក្នុងដីកូរ៉េខាងជើង និងការធ្វើឃាតមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ក៏ដូចជាបំផ្លាញរចនាសម្ព័ន្ធយោធាសំខាន់ៗរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង។
គួរបញ្ជាក់ថាកងកម្លាំងប្រតិបត្តិការពិសេសអាមេរិក SEAL Team Six ធ្លាប់មានកេរ្តិ៍ឈ្មោះយ៉ាងខ្លាំង ក្នុងការដឹកនាំប្រតិបត្តិការតាមប្រមាញ់មេភេរវករ Oussama Ben Laden កាលពីឆ្នាំ២០១១៕